ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិចខិតខំអស់ពីសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត

1 នាទី មុន

ខេត្តសៀមរាប ៖ គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទមេបុណ្យខាងលិច ដែល​ស្ថិត​នៅ​ក្នុង​អាង​បារាយណ៍ទឹកថ្លា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កំពុង​ដំណើរការ​យ៉ាង​សកម្ម និង​មមាញឹក ។…

ខេត្តសៀមរាប ៖ គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទមេបុណ្យខាងលិច ដែល​ស្ថិត​នៅ​ក្នុង​អាង​បារាយណ៍ទឹកថ្លា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កំពុង​ដំណើរការ​យ៉ាង​សកម្ម និង​មមាញឹក ។ នេះ​បើ​យោង​តាម អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ។

គម្រោង​ជួសជុល​នេះ ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ ។ បច្ចុប្បន្ន​មាន​ក្រុមការងារ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ភាគច្រើន​ជា​អ្នកស្រុក​អង្គរ កំពុង​តែ​បំពេញការងារ​ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ជា​ច្រើន​ផ្នែក ។ ក្នុង​នោះ​ក៏​មាន​អ្នកជំនាញ​ខាង​ឆ្លាក់​ក្បាច់​ចំពោះ​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​តាម​ទ្រង់ទ្រាយ​ដើម ស្រប​តាម​គណៈកម្មាធិការ​អនុសាសន៍​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក ដោយ​ខិតខំ​អស់ពី​សមត្ថភាព​ទុកជា​កេរដំណែល​រយ​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត ។

លោក ឈឿ​ង ជ័យ អាយុ​៤៨​ឆ្នាំ ក្នុង​ចំណោម​អ្នកជំនាញ​ឆ្លាក់​ក្បាច់​នៅ​ប្រាសាទមេបុណ្យខាងលិច រៀបរាប់​ថា លោក​បាន​ចូល​បម្រើ​ការងារ​ជួសជុល​ប្រាសាទ ក្នុង​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩៥ ហើយ​នៅ​ឆ្នាំ​២០០០ រៀន​ជំនាញ​ដាប់​ឆ្លាក់​លើ​ថ្ម​ថ្មី ដែល​ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់​តាម​ទ្រង់ទ្រាយ​ដើម​ឡើង​វិញ ពី​អ្នកជំនាញ​ផង និង​យក​ក្បាច់ចម្លាក់​ដើម​នៅ​សេសសល់​ពី​ថ្ម​ប្រាសាទ​ជា​គំរូ​ផង ។

លោក ឈឿ​ង ជ័យ ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ដាប់​ឆ្លាក់​នៅ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​នានា លោក​បាន​ខិតខំ​អស់ពី​សមត្ថភាព​ក្នុង​ការ​ដាប់​ឆ្លាក់​ក្បាច់​តាម​ទ្រង់ទ្រាយ​ដើម​របស់​ប្រាសាទមេបុណ្យខាងលិច ដែល​ផ្នែក​ខ្លះ​ថ្ម​ចាស់​ត្រូវ​បាន​បាត់បង់ ដើម្បី​ទុកជា​កេរដំណែល​រាប់រយ​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត ។

ចំណែក លោក ហាំ ហាន់ អាយុ​២៩​ឆ្នាំ ជំនាញ​ឆ្លាក់​ក្បាច់ចម្លាក់​នៅ​សិប្បករ​អង្គរ (Artisan Angkor) ដែល​បាន​ចូល​ធ្វើ​ការងារ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច នៅ​ឆ្នាំ​២០១៩ ផ្នែក​ឆ្លាក់​ក្បាច់ បានឱ្យ​ដឹង​ថា ការងារ​ដាប់​ឆ្លាក់​ក្បាច់​នៅ​ប្រាសាទមេបុណ្យខាងលិច លោក​ទទួល​បាន​ចំណេះដឹង​បន្ថែម​ជា​ច្រើន​នៃ​ក្បាច់​នៅ​ប្រាសាទ ព្រោះ​នៅ​គ្រប់​ផ្នែក​នៃ​ប្រាសាទ​តែង​មាន​ក្បាច់ និង​បាន​បញ្ចេញ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​នាម​ជា​អ្នក​បន្តវេន​លើ​ការងារ​ដាប់​ឆ្លាក់ ។

លោក ហាំ ហាន់ សប្បាយចិត្ត ដែល​បាន​រួមចំណែក​ក្នុង​ការ​ចូលរួម​ឆ្លាក់​ក្បាច់​នៅ​ប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូច​ក្តី​បំណង ដែល​ប៉ងប្រាថ្នា​ជា​តាំងពី​យូរ​មក​ហើយ​នេះ ។
ប្រាសាទមេបុណ្យខាងលិច កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ នា​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​១១ នៅ​កណ្តាល​បារាយណ៍ទឹកថ្លា ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​ក្នុង​ព្រហ្មញ្ញសាសនា ។

ប្រាសាទ​នេះ​បាន​ដួល​រលំ​បាក់បែក​ខ្លាំង​ដោយសារ​អាយុកាល និង​ការ​បំផ្លាញ​ដោយ​កត្តា​ធម្មជាតិ ។ ក្រុម​អ្នក​អភិរក្ស ដែល​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ ការ​ជួសជុល​នេះ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ នៅ​ចុងឆ្នាំ​២០២៦ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ