ខេត្តព្រះវិហារ ៖ អាជ្ញាធរមីន និងរដ្ឋបាលខេត្តព្រះវិហារ ត្រៀមខ្លួនក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃ ដើម្បីកសាងនិងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមផេកអាជ្ញាធរមីន បានប្រកាសនាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ។

អាជ្ញាធរមីន បានបញ្ជាក់ថា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំត្រៀមដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលកន្លងមក ។

កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ អភិបាលស្រុក/ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្ត និងអង្គភាពស៊ីម៉ាក់ ។

ជាកិច្ចចាប់ផ្តើម តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកប្រកបដោយចិត្តទុកដាក់ខ្ពស់ ស្របតាមគោលដៅរបស់សម្តេច។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានសម្តែងនូវការដឹងគុណជូនចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពរបស់កម្ពុជា ដែលបានមកយ៉ាងលំបាក ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់បំផុតរបស់ សម្តេចធិបតី បានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងវិស័យការពារជាតិ និងវិស័យការទូត ដើម្បីឆ្លើយតប និងវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងសម្លេងខ្មែរតែមួយ ពាក់ព័ន្ធនឹងការរំលោភពានរបស់យោធាថៃមកលើកម្ពុជា។

ទោះបីយ៉ាងណា ជម្លោះប្រដាប់អាវុធនេះ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ភាពធន់របស់កម្ពុជា និងប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តទៀតថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុខសុវត្ថិភាព មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់អគារនានាតាមតម្រូវការជាក់ស្តែង ។
អាជ្ញាធរមីន រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយប្រតិបត្តិករជាតិអង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាងនិងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៕



ចែករំលែកព័តមាននេះ