រាជធានីភ្នំពេញ ៖ កូនភ្លោះបី(ប្រុស២ ស្រី១) ដែលបានប្រសូតនៅមន្ទីរពេទ្យបង្អែកខេត្ដរតនគិរីកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ កក្កដា កន្លងមកនេះ ត្រូវបានបញ្ជូនម្ដាយមកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតកាលពីថ្ងៃទី១២ កក្កដា ចំណែកកូនភ្លោះបីបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុបា្ផ ។
ទាក់ទិននឹងកូនភ្លោះបីនេះ បុរសជាឪពុកឈ្មោះណា វាសនា អាយុ២២ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិបីអូរភ្លង ឃុំត្រញំងច្រេស ស្រុកកូនមុំ ខេត្ដរតនគិរី បានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់គេដែលសម្រាលបានកូនភ្លោះបីនេះឈ្មោះភី ស្រីនាថ អាយុ១៨ឆ្នាំ រៀបការកាលពីឆ្នាំ២០១០ ហើយកូនដែលសម្រាលនេះពពោះបានតែ៧ខែ១០ថ្ងៃប៉ុណ្ណោះ ក៏ឈឺពោះប្រសូតតែម្ដង ។
បុរសជាឪពុកវ័យក្មេងបានបន្ដថា ពេលដែលប្រពន្ធឈឺពោះនៅវេលាម៉ោង១រំលងអធ្រាត្ររូបគេក៏បាននាំទៅគ្លីនិកឯកជនដែលជាកន្លែងប្រពន្ធទៅពិនិត្យផ្ទៃពោះក្នុងខែទី៧ ហើយគ្រូពេទ្យប្រាប់ថាកូនភ្លោះបី លុះដល់ពេលឈឺពោះក៏ទៅគ្លីនិកនោះទៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ឱ្យទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ដវិញ ព្រោះទីនោះមានសម្ភារគ្រប់គ្រាន់។ បន្ទាប់មកក៏បានដឹកប្រពន្ធយកទៅមន្ទីរពេទ្យបង្អែកខេត្ដ រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី១០ កក្កដា ទើបសម្រាលដែលកូនប្រុសទី១កើតមិនរួចទេ ដោយសារប្រពន្ធឈឺពោះយូរពេកខ្សោយគ្មានកម្លាំងបង្កើត គ្រូពេទ្យបានបូម ហើយកូនស្រីទីពីរ និងកូនប្រុសទី៣ កើតធម្មតា។ ក្នុងចំណោមកូនទាំងបីនាក់នេះកូនទី១មានទម្ងន់១,៣គីឡូក្រាម ឯកូនទី២និងទី៣ ទម្ងន់១,២គីឡូក្រាមដូចគ្នា ។
ប្រភពដដែលបន្ដទៀតថា កូនភ្លោះទាំងបីនាក់នេះកើតមកមានគ្រប់លក្ខណៈទាំងអស់ ហើយយំទារបៅទឹកដោះម្តាយថែមទៀត ប៉ុន្ដែដោយសារម្ដាយខ្សោយគ្មានទឹកដោះឱ្យកូនបៅ គ្រូពេទ្យនៅមន្ទីរពេទ្យខេត្ដបានឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀល ទិញទឹកដោះគោឱ្យកូនបៅនិងរបស់របរប្រើប្រាស់មួយចំនួនទៀត។ ម្យា៉ងទៀត ដោយសារស្ដ្រីជាម្ដាយសម្រាលកូនម្ដងដល់ទៅ៣ ហើយសុខភាពខ្សោយផងនោះ ព្រមទាំងកូនភ្លោះទាំងបីកើតមកមិនគ្រប់ខែនិងមិនគ្រប់គីឡូផង មន្ទីរពេទ្យខេត្ដនិងអង្គការសកម្មភាពដើម្បីសុខភាព បានបញ្ជូនម្ដាយមកព្យាបាលបន្ថែមទៀតនៅមន្ទ្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងបញ្ជូនកូនៗទាំង៣នាក់ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការសង្គ្រោះ ។
ខណៈមកដល់ភ្នំពេញបុរសជាប្ដីនៅមើលថែប្រពន្ធនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកម្ដាយក្មេក និងម្ដាយមីងទៅមើលថែទារក-ទារិកានៅមន្ទីរពេទ្យគន្ធបុប្ផា ដោយនៅទីនោះគ្រូពេទ្យប្រាប់ថា ទារកម្នាក់ត្រូវមានអ្នកមើលថែ២នាក់ ព្រោះត្រូវច្របាច់ខ្យល់បញ្ចូលសួតកុំឱ្យសួតស្វិត។ បុរសជាឪពុកនិយាយថា គាត់បានផ្ដាំឱ្យបងប្អូនមកពីស្រុកមកជួយមើលថែដែរ តែគាត់គ្មានប្រាក់សម្រាប់ធ្វើដំណើរមកផ្លូវឆ្ងាយ ដូច្នេះមានតែម្ដាយក្មេក និងម្ដាយមីងប៉ុណ្ណោះដែលនៅមើលថែចៅ។
បុរសជាឪពុកបានត្អូញត្អែរថា គ្រួសាររបស់ខ្លួនក្រីក្រណាស់ និងសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់កូនភ្លោះបីរបស់រូបខ្លួនផង ។ សង្ឃឹមថា ព័ត៌មាននេះនឹងបានជ្រាបទៅដល់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតមិនខានឡើយ ព្រោះលោកទាំង២តែងតែយកចិត្តទុកដាក់ដល់វាសនាកូនភ្លោះ៣មិនដែលអាក់ខានឡើយ ៕
ចែករំលែកព័តមាននេះ