មាសឡើងថ្លៃខ្ពស់បំផុត ៤ ៣១០ដុល្លារ/តម្លឹង ខណៈអ្នកជំនាញថាអាចឡើងដល់ជាង៤ ៥០០ដុល្លារ
បរទេស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសអន្តរជាតិបានកើនឡើងដល់ ៣…
បរទេស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសអន្តរជាតិបានកើនឡើងដល់ ៣…
បរទេស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសអន្តរជាតិបានកើនឡើងដល់ ៣ ៥៧៨ដុល្លារក្នុង១អោន ឬ ៤ ៣១០ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃកំណត់ត្រាថ្លៃបំផុតមិនធ្លាប់មានពីមុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែបណ្តាវិនិយោគិនកំពុងតែដាក់ការរំពឹងទុកខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ក៏ដូចជាការទន្ទឹងរង់ចាំទិន្នន័យពីស្ថានភាពការងារសំខាន់ៗរបស់អាមេរិក ដែលត្រូវចេញផ្សាយសប្តាហ៍នេះ។
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣ ៥៧៨ដុល្លារក្នុង១អោន ឬ ៤ ៣១០ដុល្លារក្នុង១តម្លឹង នៅក្នុងការជួញដូរកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ មុនពេលរក្សាតម្លៃនៅត្រឹម ៣ ៥២០ដុល្លារក្នុង១អោន ឬ ៤ ២៤០ដុល្លារក្នុង១តម្លឹង ត្រឹមម៉ោង ១០:១៥នាទី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
លោក Brian Lan អ្នកជំនាញពីក្រុមហ៊ុន GoldSilver Central ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថា ការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ និងការព្រួយបារម្ភពីឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក នឹងជះឥទ្ធិពលបន្ថែមទៀតទៅលើតម្រូវការមាស។ អ្នកជំនាញបន្តថា គ្រប់គ្នានឹងមិនភ្ញាក់ផ្អើលនោះទេ បើទោះជាតម្លៃមាសហក់ឡើងដល់ ៣ ៨០០ដុល្លារក្នុង១អោន (៤ ៥៧៨ដុល្លារក្នុង១តម្លឹង) ឬខ្ពស់ជាងនេះក្នុងរយៈពេលដ៏ខ្លីខាងមុខយ៉ាងណាក៏ដោយ។
បណ្តាមន្ត្រីធនាគារកណ្តាលអាមេរិកបាននិយាយថា កង្វល់ពីទីផ្សារការងារបន្តធ្វើឱ្យមានការរំពឹងទុកខ្ពស់ថា ការកាត់បន្ថយអត្រាការប្រាក់នឹងកើតមាននៅពេលខាងមុខ។ លោក Christopher Waller ទេសាភិបាលធនាគារកណ្ដាលបាននិយាយថា ធនាគារកណ្ដាល គួរតែកាត់បន្ថយនៅឯកិច្ចប្រជុំបន្ទាប់របស់ខ្លួន។
បច្ចុប្បន្នវិនិយោគិនកំពុងតែបង្ហាញក្តីរំពឹងខ្ពស់ដល់ ៩៧% ថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី៣ កញ្ញា បានប្រកាសថា សហរដ្ឋអាមេរិកប្រហែលជាត្រូវបន្ធូរបន្ថយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនបានព្រមពៀងជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសដៃគូដទៃទៀត ប្រសិនបើខ្លួនចាញ់ក្តីសំណុំរឿងតុលាការកំពូលពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយ។
ការកើនឡើងភាពមិនច្បាស់លាស់ និងភាពតានតឹងពាណិជ្ជកម្ម ដែលអាចកើតមាននៅក្នុងទីផ្សារសកល បន្ទាប់ពីរដ្ឋបាលរបស់ លោក ត្រាំ បានប្រកាសថា ខ្លួននឹងស្នើតុលាការកំពូលអាមេរិក សម្រាប់សេចក្តីសម្រេចឱ្យបានឆាប់ពាក់ព័ន្ធនឹងពន្ធគយ ដែលតុលាការឧទ្ធរណ៍អាមេរិក កាលពីសប្តាហ៍មុនបានរកឃើញថា ខុសច្បាប់៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ