ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង កំពុងមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែងទៀត ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃបានចូលធ្វើការងារ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថានៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ពីអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងបន្តយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ ឯកឧត្តម បានលើកឡើងថា ចំពោះបងប្អូនពលករ នៅខេត្តកំពង់ឆ្នាំងកំពុងមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែងទៀត ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។
ក្នុងគ្រានោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលកររួមទាំងអ្នកពាក់ព័ន្ធផងដែរ៕
ចែករំលែកព័តមាននេះ