ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រូវប្រាំង ​ឆ្នាំ​​នេះ មាន​អំណោយផល​ល្អ ខណៈ​ភ្លៀង​ធ្លាក់​មធ្យម ប្រជាពលរដ្ឋ​សង្ឃឹមថា នឹង​ទទួល​បាន​ផល​គាប់ប្រសើរ

23 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បើ​គេ​សង្កេត​មើលទៅ​ក្នុង​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កុយ និង​ភូមិ​នានា ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បើ​គេ​សង្កេត​មើលទៅ​ក្នុង​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កុយ និង​ភូមិ​នានា ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ឃើញ​ដំណាំ​ស្រូវប្រាំង​ឆ្នាំ​២០២៥​នេះ មានទឹក​ដក់​ក្នុង​ស្រែ​គ្រប់គ្រាន់ ពោល​គឺ​មាន​អំណោយផល​ល្អ ដោយសារ​តែ​ភ្លៀង​ធ្លាក់​មធ្យម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានចិត្ត​សប្បាយ​រីករាយ ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ខណៈ​ដែល​ការ​ប្រមូល​ផល​កាន់តែ​កៀក​ខិត​ជិត​មក​ដល់ ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ញឹ​ម ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ លោក​មាន​ស្រែប្រាំង​ចំនួន ៣​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ដោយ​ចាប់តាំងពី​ព្រោះ​គ្រាប់ស្រូវ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​៣​ខែ​មក​ហើយ គឺ​សង្កេត​ឃើញ​ដើម​ស្រូវ​ដុះ​លូតលាស់​យ៉ាង​ល្អ គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​បញ្ចេញ​ពណ៌​ខៀវខ្ចី​ពេញ​ផ្ទៃដី​ស្រែ​តែ​ម្តង ក៏​មានទឹក​គ្រប់គ្រាន់ មិន​ខ្វះ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​ប្រមូល​ផល​ស្រូវ នា​ថ្ងៃ​ខាង​មុខ លោក​សង្ឃឹមថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ អាច​លក់​បាន​ប្រាក់​សង​ជំពាក់​បំណុល​គេ និង​ទុក​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក​បញ្ជាក់​ទៀត​ថា តម្លៃ​ស្រូវ​ប្រភេទ​អូ​អឹ​ម​៥១៥៤ ឈ្មួញ​ទិញ ក្នុង​១​គីឡូក្រាម តម្លៃ​៦០០​រៀល​។ រីឯ​ស្រូវ​ប្រភេទ​ស្រងែ ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​៦៦០​រៀល ក៏​អាច​ទាប​ជាង​នេះ បើសិនជា​គ្រាប់ស្រូវ ដែល​ប្រមូល​ផល​រួច មិនសូវ​ល្អ មាន​លាយ​ផ្កាស្មៅ ឬ​គ្រាប់​ក្រ​ជីប​ជាដើម​។
ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​ប្រមូល​ផល​លក់​រួច នា​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ លោក​អាច​នឹង​ទទួល​បាន​ថវិកា​សង​ជំពាក់​បំណុល​គេ​រួចរាល់ ដោយ​សល់​ខ្លះ​ទុក​ធ្វើ​ពូជ​បន្ត​ទៀត ។

បើ​តាម​ប្រភព​ពី​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ នា​ឆ្នាំ​២០២៥​នេះ គឺ​ប្រជាពលរដ្ឋ​អនុវត្ត​បាន (​បូក​យោង​សរុប ៨,៦១៧​ហិ​កតា​) ។

លោក​បន្ត​ទៀត​ថា រីឯ​ការងារ​ប្រមូល​ផល ដំណាំ​ស្រូវ​ជា​ទូទៅ គឺ​អនុវត្ត​បាន​ចំនួន ៦​ហិ​កតា ស្មើនឹង​បរិមាណ​ផល ៣១.៤​តោន (​បូក​យោង​សរុប ៧៣​ហិ​កតា និង​បរិមាណ​ផល​ស្មើនឹង ៣៨២​តោន​) ដោយនៅ​ឆ្នាំ​ថ្មី​នេះ ការ​ប្រមូល​ផល​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ សង្ឃឹមថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង ឬ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ៗ​ដែរ ព្រោះ​ឆ្នាំ​នេះ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម មិន​ខ្វះខាត​ទឹក​បូម​បញ្ចូល​ស្រែប្រាំង និង​ស្រែវស្សា​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ