ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥​នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ផ្អាក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សារាចរ ណែនាំ​របស់​រាជរដ្ឋាភិបាល បានឱ្យ​ដឹង​ថា អនុលោម​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល លេខ​០៩ សរណ​ន ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សារាចរ ណែនាំ​របស់​រាជរដ្ឋាភិបាល បានឱ្យ​ដឹង​ថា អនុលោម​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល លេខ​០៩ សរណ​ន ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០០៣ សម្រាប់​អនុវត្ត​ជា​អចិន្ត្រៃយ៍ ស្តី​ពី​ការ​រៀបចំ​ចាត់តាំង​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ ប្រពៃណី សាសនា បុណ្យ​ជាតិ​-​បុណ្យ​អន្តរជាតិ រាជរដ្ឋាភិបាល តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ជា​រៀង​រាល់​ឆ្នាំ ចំនួន​៣(​បី​) ថ្ងៃ នៅ​ថ្ងៃ​១៤​កើត ១៥​កើត និង​១​រោច ខែកត្តិក ដើម្បី អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ និង​បន្ត​រក្សា​ទំនៀមទម្លាប់​ដ៏​ប្រពៃ​របស់​ខ្មែរ ដែល​មាន​តាំងពី​យូរលង់ មក​ហើយ ដោយ​មាន​រៀបចំ​ពិធី​ប្រណាំង​ទូកង បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ និង​ដោយឡែក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក៏​បាន​រៀបចំ​ពិធី​នេះ​ផង​ដែរ ។

បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​ដោយ​ពេញលេញ និង​ម៉ឺងម៉ាត់​បំផុត ស្រប​តាម​ស្មារតី​កិច្ចប្រជុំ​ពិសេស ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​កិច្ច​សម្របសម្រួល ដែល​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​សាក្សី សហរដ្ឋ​អាម៉េរិក ជា​សហ​អ្នក​រៀបចំ ដោយ​មានការ​ចូលរួម​ពី​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​អាស៊ាន ជា​អ្នក​សង្កេតការណ៍​។ ក្នុង​ស្មារតី​នេះ និង​ដោយសារ​រាជរដ្ឋាភិបាល បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​ស្ថានការណ៍​ចំពោះ​មុខ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ជា​ពិសេស ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក និង​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ នូវ​វិធានការ​ណែនាំ​ដូច​ខាងក្រោម ៖

១-​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​ដង ទន្លេសាប មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤​កើត ១៥​កើត និង​១​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ទី​៥ និង​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

២-​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​បណ្តា​ខេត្ត​នានា អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​ជាក់ស្តែង​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ។

៣-​ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ និយោជិត កម្មករ ចំនួន​៣(​បី​)​ថ្ងៃ ក្នុង​ឱកាស​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល ដូច​ខ្លឹមសារ ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​២០៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២៥ ។

៤-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​យកចិត្ត ទុកដាក់​ខ្ពស់​ដោះស្រាយ​បញ្ហា​ស្បៀង ជម្រក ថ្នាំពេទ្យ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ។

៥-​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បន្ត​យកចិត្តទុកដាក់ សម្របសម្រួល និង​បង្ក​លក្ខណៈ ងាយស្រួល​ដល់​ការ​ស្វែងរក​ការងារ​របស់​ពលករ​ខ្មែរ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ និង​បន្ត​សហការ​ជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ដើម្បី​ផ្សព្វផ្សាយ ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ពលករ​ខ្មែរ​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ។

៦-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង និង​ជំរុញ​សេដ្ឋកិច្ច មូលដ្ឋាន ធានា​ស្ថិរភាព​ថ្លៃ ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់ គាំទ្រ​ការ​ផលិត​ក្នុងស្រុក និង​ធានា​ការ​ប្រកួតប្រជែង ព្រមទាំង​ដោះស្រាយ​នូវ​បញ្ហា​ជា​រចនាសម្ព័ន្ធ​រ៉ាំរ៉ៃ​នានា ដែល​រាំងស្ទះ​ដល់ សកម្មភាព​ផលិតកម្ម អាជីវកម្ម ធុរកិច្ច និង​វិនិយោគ ។

៧-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ត្រៀម បង្ការ​គ្រោះ​ធម្មជាតិ​នានា ជា​ពិសេស​គ្រោះ​ទឹកជំនន់ ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព ជម្រក ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ។

៨-​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ។

ទទួល​បាន​សារាចរ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី ខេត្ត រដ្ឋបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ