ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អនុ​ទីន​ត្រៀម​ដឹក​នាំ​រដ្ឋា​ភិ​បាល​សំឡេង​ភាគ​តិច​ដោយ​គ្មាន​វត្ត​មាន​គណ​បក្ស​ប្រជា​ជន

2 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ គណ​បក្ស​ប្រជា​ជន​បាន​សម្រេច​ចិត្ត​ធ្វើ​​រឿង​ដែល​គេ​នឹក​ស្មាន​មិន​ដល់​នៅ​ក្នុង​នយោបាយ​ថៃ​ នោះ​គឺ​ការ​ប្រកាស​ជា​ចំហ​ និង​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​​​លោក​អនុ​ទីន ចាន់​វីរៈ​គល់​​​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣២​របស់​ថៃ​។ ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​ប្រើ​យុទ្ធ​សាស្ត្រ​ចង​ជើង​លោក​អនុ​ទីន​។ នោះ​គឺ​មិន​ចូល​រួម​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ដែល​ត្រៀម​បង្កើត​នោះ​ទេ​។ នៅ​ក្នុង​លក្ខ​ខណ្ឌ​បោះ​ឆ្នោត​គាំទ្រ​លោក​អនុ​ទីន​នោះ លោក​សន្យា​ថា​នឹង​រំលាយ​សភា​ក្រោយ​ពេល​ដឹក​នាំ​រដ្ឋា​ភិបាល​បាន​៤​ខែ​។ ដោយ​ឡែក…

ទី​ក្រុង​បាងកក​៖ គណ​បក្ស​ប្រជា​ជន​បាន​សម្រេច​ចិត្ត​ធ្វើ​​រឿង​ដែល​គេ​នឹក​ស្មាន​មិន​ដល់​នៅ​ក្នុង​នយោបាយ​ថៃ​ នោះ​គឺ​ការ​ប្រកាស​ជា​ចំហ​ និង​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​​​លោក​អនុ​ទីន ចាន់​វីរៈ​គល់​​​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣២​របស់​ថៃ​។ ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​ប្រើ​យុទ្ធ​សាស្ត្រ​ចង​ជើង​លោក​អនុ​ទីន​។ នោះ​គឺ​មិន​ចូល​រួម​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ដែល​ត្រៀម​បង្កើត​នោះ​ទេ​។ នៅ​ក្នុង​លក្ខ​ខណ្ឌ​បោះ​ឆ្នោត​គាំទ្រ​លោក​អនុ​ទីន​នោះ លោក​សន្យា​ថា​នឹង​រំលាយ​សភា​ក្រោយ​ពេល​ដឹក​នាំ​រដ្ឋា​ភិបាល​បាន​៤​ខែ​។

ដោយ​ឡែក គណ​បក្ស​ភឿថៃ​ពេល​នេះ​ហាក់​ដូច​ជា​ងាប់​ក្រឡា ឬ​អស់​ផ្លូវ​ដើរ​ត​ទៅ​ទៀត​។ ដូច្នេះ ស្នៀត​ចុង​ក្រោយ​របស់​ភឿ​ថៃ​គឺ​ស្នើ​សុំ​រំលាយ​សភា​​។ ​ភឿ​ថៃ​បាន​ពន្យល់​អំពី​មូល​ហេតុ​ដែល​ខ្លួន​សម្រេច​ចិត្ត​បញ្ជូន​សំណើ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​រំលាយ​សភា​។ ភឿថៃ​​អះ​អាង​​ថា​មាន​តែ​វិធី​នេះ​មួយ​គត់​ដែល​​អាច​ចាក​ផុត​ពី​វិបត្តិ​នយោបាយ​។ ការ​សម្រេច​ចិត្ត​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​ភឿ​ថៃ​ដឹង​ច្បាស់​ថា​ខ្លួន​មិន​អាច​កៀង​គរ​ការ​គាំទ្រ​ពី​គណ​បក្ស​ប្រជា​ជន​ដើម្បី​កាន់​អំណាច​ជា​បន្ត​ទៀត​ទេ​។ ទន្ទឹម​នឹង​នោះ ភឿថៃ​មិន​ចង់​ឃើញ​គណ​បក្ស​ដទៃ​​ទៀត​កាន់​អំណាច​បន្ត​ពី​ខ្លួន​ទេ។ ដូច្នេះ ខ្លួន​ចង់​​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​​។

ប៉ុន្តែ​ផែន​ការ​របស់​ភឿថៃ​ត្រូវ​ក្រុម​ប្រឹក្សា​រដ្ឋ​បញ្ជាក់​ម្ដង​ជា​ពីរ​ដង​ហើយ​ថា​មាន​តែ​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​តែ​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​រំលាយ​សភា​។ ចំណែក​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ លោក​ភូមិ​ថាម វិឆា​យ៉ា​ឆៃ​ មិន​អាច​រំលាយ​សភា​បាន​ឡើយ​។ ឥឡូវ​នេះ មាន​ក្រុម​ខ្លះ​ចង់​ដាក់​ពាក្យ​ប្ដឹង​លោក​ភូមិ​ថា​ម​ទៅ​តុលាការ​​ក្រោម​ហេតុ​ផល​ថា​​​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ស្មើ​នឹង​​​ប្រមាថ​ព្រះ​មហា​ក្សត្រ​។​

រហូត​មក​ដល់​ពេល​នេះ ​សភា​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅលើ​បេក្ខ​ជន​រូប​ណា​ទេ​ ហើយ​គេ​មិន​ទាន់​ដឹង​ថា​តើ​ព្រះ​មហា​ក្សត្រ​យល់​ព្រម​តាម​ការ​ស្នើ​សុំ​រំលាយ​​​សភា​ដែរ​ឬ​ទេ​។ ប្រភព​ខ្លះ​ថា​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្គ (Privy Council) បដិ​សេធ​មិន​ទទួល​សំណើ​របស់​លោក​ភូមិ​ថាម​ទេ​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ស្កាត់​ជួប​លោក​ភូមិ​ថាម​ដើម្បី​បញ្ជាក់​អំពី​ការ​ច្រានចោល​សំណើ​របស់​លោក​។ ប៉ុន្តែ​លោក​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់​ មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​។ ​ក្រុម​ប្រឹក្សា​រដ្ឋ​ដែល​ជា​ស្ថាប័ន​ពិគ្រោះ និង​ផ្ដល់​យោបល់​ជូន​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ហូរ​ហែ​ហើយ​ថា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​គ្មាន​សិទ្ធិ​ធ្វើ​រឿង​នេះ​ទេ​។ ជម្រើស​​​តែ​មួយ​​គត់​គឺ​ត្រូវ​រង់​ចាំ​​សភា​​​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​បេក្ខ​ជន​រូប​ណា​សិន​។​

ដើម្បី​ធានា​ថា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នឹង​រំលាយ​រដ្ឋ​សភា​នៅ​ក្នុង​អំឡុង​ពេល​៤​ខែ​ គណ​បក្ស​ភូមិ​ចៃ​ថៃ​មិន​​ត្រូវ​បង្កើត​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​។ ​ជា​មួយ​នឹង​សំឡេង​អ្នក​តំណាង​រាស្ត្រ​១៤៦​រូប​ អនាគត​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ភូមិ​ចៃ​ថៃ​អាច​ដំណើរ​ការ​ទៅ​បាន​ជា​លក្ខណៈ​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​។ ​ដូច្នេះ នៅ​ក្នុង​ក្រប​ខណ្ឌ​សភា​ បើ​រដ្ឋាភិបាល​ចង់អនុ​ម័ត​ច្បាប់​អ្វី​មួយ​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​ជា​ចាំ​បាច់​​។

​គណ​បក្ស​ប្រជា​ជន​ប្រើ​ស្នៀត​មួយ​គឺ​បោះ​ឆ្នោត​គាំទ្រ​លោក​អនុទីន ប៉ុន្តែ​មិន​ចូល​រួម​នៅ​ក្នុង​​រដ្ឋា​ភិបាល​ចម្រុះ​ទេ​។ គេ​អាច​ចាត់​ទុក​ថា​នេះ​​ជា​យុទ្ធ​សាស្ត្រ​ចង​ជើង​។ មាន​ន័យ​ថា​បើ​លោក​អនុ​ទីន​ធ្វើ​អ្វី​​មិន​ស្រួល​ ជា​ពិសេស​​មិនធ្វើ​តាម​​សន្យា​ គណ​បក្ស​ប្រជា​ជន​អាច​នឹង​ទម្លាក់​វិញ​។​ គណ​បក្ស​ប្រជា​ជន​សន្យា​ថា​ខ្លួន​នឹង​បន្ត​ឃ្លាំ​មើល​ការ​បំពេញ​ការ​ងារ​របស់​រដ្ឋាភិបាល​ថ្មី​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ខាង​លើ​នេះ​​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ភីប៊ី​អែស (PBS), ខាវ​សត់ (Khaosod) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ