ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​គ្រឿង​សព្វា​វុធ​ទំនើប​ៗ​នៅ​ក្នុង​ពិធី​រំលឹ​កខួប​៨០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ការ​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​​ ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន និង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា​របស់​កង​ទ័ព​រាប់​ម៉ឺន​នាក់​។ គេ​ឃើញ​កង​ទ័ពកិត្តិ​យស,​ ក្បួន​ដង្ហែ​រថ​ពាស​ដែក និង​យន្ត​ហោះ​ចម្បាំង​ហោះ​ងងឹត​មេឃ​នៅ​លើ​ទី​លាន​ធាន​អាន​មេន​។ នេះ​ជា​ការ​រំលឹក​អនុ​ស្សាវរី​យ៍​ទៅ​ដល់​សម័យ​សង្គ្រាម​ ហើយ​និង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​របស់​ចិន​។ ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​ក៏​បាន​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​…

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ការ​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​​ ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន និង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា​របស់​កង​ទ័ព​រាប់​ម៉ឺន​នាក់​។ គេ​ឃើញ​កង​ទ័ពកិត្តិ​យស,​ ក្បួន​ដង្ហែ​រថ​ពាស​ដែក និង​យន្ត​ហោះ​ចម្បាំង​ហោះ​ងងឹត​មេឃ​នៅ​លើ​ទី​លាន​ធាន​អាន​មេន​។ នេះ​ជា​ការ​រំលឹក​អនុ​ស្សាវរី​យ៍​ទៅ​ដល់​សម័យ​សង្គ្រាម​ ហើយ​និង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​របស់​ចិន​។

ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​ក៏​បាន​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​ ជា​ពិសេស វត្ត​មាន​​របស់​ថ្នាក់​ដឹក​នាំរុស្ស៊ី​​លោក​ពូទីន និង​កូរ៉េ​ខាង​ជើង​ លោក​គីមជុង​អ៊ុន​។ ។ ក្រៅ​ពី​នេះ ថ្នាក់​ដឹក​នាំ​ ឬ​ឥស្សរ​ជន​ជាន់​ខ្ពស់​មក​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​បស្ចិម​ប្រទេស​ភាគ​ច្រើន​​មិន​បាន​ចូល​រួម​ទេ​ព្រោះ​តែ​ការ​ប្រជែង​គ្នា​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​។ ប្រទេស​ចិន​ជា​អ្នក​ទ្រ​ទ្រង់​សំខាន់​នៅ​ក្នុង​ភូមិ​សាស្ត្រ​អឌ្ឍ​គោល​ខាង​ត្បូង​ដើម្បី​ប្រជែង​ជា​មួយ​បស្ចិម​ប្រទេស​។ ប្រទេស​ចិន​តែង​តែ​រំលេច​ឱ្យ​ឃើញ​នូវ​ទស្សន​វិស័យ​ចង់​រៀប​ចំ​សណ្ដាប់​ធ្នាប់​ពិភព​លោក​ឡើង​វិញ​ដែល​ប្រកប​ដោយ​សម​ភាព និង​យុត្តិ​ធម៌ និង​ប្រព័ន្ធ​អភិ​បាល​កិច្ច​សាកល​។

លោក​ស៊ី​ជីន​ពីង​បាន​ស្លៀក​ពាក់​ឈុត​ម៉ៅ​សេទុង​ និង​ធ្វើ​ជា​គណៈ​អធិបតី​នៃ​ពិធី​រំលឹក​ខួប​នេះ​។ លោក​បាន​ថ្លែង​សុន្ទរកថា​ និង​សារ​នយោបាយ​មួយ​ចំនួន​។ បន្ទាប់​មក​ លោក​ឈរ​នៅ​លើ​រថ​យន្ត​ដែល​បើក​ដោយ​សន្សឹម​​ៗ​ដើម្បី​​ត្រួត​ពល​។ លោក​បាន​រំលឹក​ទៅ​ដល់​គុណូប​ការៈ​របស់​អតីត​យុទ្ធ​ជន​ចិន​ដែល​បាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​។ លោក​បញ្ជាក់​ជា​ថ្មី​ថាប្រទេស​ចិន​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ការ​ពារ​អធិប​តេយ្យ​​​ភាព​ជាតិ​ និង​លើក​កម្ពស់​សន្តិ​ភាព​។

លោក​ថ្លែង​ថា​សព្វ​ថ្ងៃ​នេះ មនុស្ស​ជាតិ​ត្រូវ​សម្រេច​ចិត្ត​ដ៏​ពិបាក​ថា​តើ​ត្រូវ​យក​សន្តិ​ភាព ឬ​សង្គ្រាម​, ត្រូវ​សន្ទនា​គ្នា ឬ​ប្រឈម​មុខ​ដាក់​គ្នា​, ត្រូវ​ទាញ​យក​ប្រយោជន៍​ទាំង​សង​ខាង ឬ​ត្រូវ​ខាត​​ទាំង​អស់​គ្នា​។ លោក​ថ្លែង​សុន្ទរ​កថា​ដោយ​ខ្លី​ត្រឹម​តែ​រយៈ​ពេល​៧​នាទី​ប៉ុណ្ណោះ​។ ​ការ​ថ្លែង​ដូច្នេះ​ក៏​ស្រប​ពេល​ដែល​ពិភព​លោក​មិន​ទាន់ស្ងប់​ស្ងាត់​ពី​សង្គ្រាម​នៅ​ឡើយ​ទេ​ទាំង​សង្គ្រាម​ប្រ​ដាប់​អាវុធ​ និង​សង្គ្រាម​ពាណិជ្ជ​កម្ម​។ ឧទាហរណ៍ សង្គ្រាម​អ៊ុយ​ក្រែន និង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ជា​ដើម​។ ពិភព​លោក​មិន​សូវ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ដោយ​សារ​ការ​បែក​បាក់​គ្នា​ និង​និយាយ​ស្ដាប់​គ្នា​មិន​បាន​។ ម៉្យាង​ទៀត​ ចិន​ចាត់​ទុក​ថា​អា​មេ​រិក​ប្រើ​នយោ​បាយ​ឯក​តោ​ភាគី​និយម​កាន់​តែ​ខ្លាំង​។ មាន​ន័យ​ថា​សម្រេច​ធ្វើ​អ្វី​ជា​អត្តនោម័ត។

លោក​ស៊ី​ថ្លែង​ថា​ប្រទេស​ចិន​នៅ​តែ​ប្ដេជ្ញា​ចិត្ត​អភិ​វឌ្ឍ​ជាតិ​ដោយ​សន្តិ​វិធី​។ យើង​នឹង​ធ្វើ​ការ​ស្រុះ​ដៃ​គ្នា​ជា​មួយ​ប្រជា​ជន​គ្រប់​ប្រ​ទេស​ទាំង​អស់​ដើម្បី​កសាង​សហ​គមន៍​មួយ​ដែល​មាន​ជោគ​វាសនា​-​អនាគត​រួម​គ្នា​តែ​មួយ​សម្រាប់​មនុស្ស​ជាតិ​ទាំង​អស់​។ សូម​ជម្រាប​ថា​ពិធី​នេះ​រំលឹក​ទៅ​ដល់​ព្រឹត្តិ​ការណ៍​ឆ្នាំ​១៩៤៥​នៅ​ពេល​កង​ទ័ព​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម​។ ចិន​ចាត់​ទុក​ថា​នោះ​ជា​សង្គ្រាម​តស៊ូ​របស់​ចិន​ប្រឆាំង​នឹង​ចក្រ​ពត្តិ​ជប៉ុន​ និង​របប​ហ្វាស៊ីស​និយម​។ យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​ចិន កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ខ្លួន​ស្លាប់​មនុស្ស​ជាង​​៣៥​លាន​នាក់​ទាំង​កង​ទ័ព​​ និង​ជន​ស៊ីវិល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ