ទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីដាក់ពង្រាយគ្រឿងសព្វាវុធ និងនាវាចម្បាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅសមុទ្រការីប៊ីន នៅទីបំផុតកាលពីយប់មិញអាមេរិកចាប់ផ្ដើមផ្ទុះអាវុធហើយ។ លោកត្រាំថ្លែងថាយោធាអាមេរិកវាយប្រហារនាវាដឹកគ្រឿងញៀនដែលចេញដំណើរពីប្រទេសវេណេហ្ស៊ូអេឡា និងប្រើប្រាស់ដោយក្រុមម៉ាស់ផ្ចាឈ្មោះត្រេនដឺអារ៉ាហ្គួ (Tren de Aragua)។
លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាការវាយប្រហារនោះបានសម្លាប់មនុស្ស១១នាក់។ នេះជាផ្នែកមួយនៃយុទ្ធនាការដ៏ក្ដៅគគុកដើម្បីទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនគ្រឿងញៀនចេញពីតំបន់អាមេរិកឡាទីនចូលទៅក្នុងទឹកដីអាមេរិក។ លោកត្រាំក៏បានបង្ហោះវីឌីអូឃ្លីបខ្លីមួយបង្ហាញរូបនាវាមួយគ្រឿងដែលផ្ទុះឆេះក្រោយការវាយប្រហារ។
លោកត្រាំថ្លែងថាការវាយប្រហារនោះកើតឡើងនៅពេលក្រុមភេរវករស្ថិតនៅលើដែនសមុទ្រអន្តរជាតិដើម្បីត្រៀមនាំគ្រឿងញៀនខុសច្បាប់ចូលទឹកដីអាមេរិក (លោកត្រាំចាត់ទុកក្រុមជួញដូរគ្រឿងញៀនជាភេរវករដែលត្រូវកម្ទេចចោល)។ លោកថានៅក្នុងការវាយប្រហារនោះគ្មានទាហានអាមេរិកណាម្នាក់រងរបួសទេ។ លោកព្រមានថានេះជាសារដាស់តឿនអ្នកដែលចង់រត់ពន្ធគ្រឿងញៀនចូលអាមេរិកសូមគិតឡើងវិញ។
ក្រុមឈ្មួញគ្រឿងញៀន «ត្រេនដឺអារ៉ាហ្គួ» បានចាប់កំណើតតាំងពីជាងមួយទសវត្សមុនមកម៉្លេះនៅក្នុងពន្ធនាគារ។ មូលដ្ឋានរឹងមាំរបស់ពួកគេនៅរដ្ឋអារ៉ាហ្គួ ប្រទេសវេណេហ្ស៊ូអេឡា។ ក្រុមនេះចាប់ផ្ដើមពង្រីកខ្លួនកាន់តែសកម្មនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ ប្រជាជនវេណេហ្ស៊ូអេឡាជាង៧,៧លាននាក់ត្រូវបង្ខំចិត្តរត់ចេញពីប្រទេសនេះព្រោះវិបត្តិសេដ្ឋកិច្ច។ ពួកគេទៅជ្រកកោននៅលើទឹកដីថ្មីនៃតំបន់អាមេរិកឡាទីន ឬប្រទេសអាមេរិក៕
ចែករំលែកព័តមាននេះ