រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តនានាធ្វើជាធម្មតាតាមប្រពៃណីដែលធ្លាប់ធ្វើ ។

យោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានលើកឡើងថា អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំចំនួន៣ (បី) ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់ មកហើយដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ ។

សាចាចរបានលើកឡើងថា ច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តអនុវត្តបទឈប់បាញ់ ដោយពេញលេញ និងម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាសាក្សី សហរដ្ឋអាមេរិកជាសហអ្នករៀបចំដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ាន ជាអ្នកសង្កេតការណ៍ ។
ក្នុងស្មារតីនេះ និងដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម ៖

១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិកឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ។
៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។
៤- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋានរៀងៗខ្លួន។
៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយ ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។
៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋ មូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិង ធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់ សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគ។
៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។
៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
សម្រាបសារាចរនេះទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ