ខេត្តមណ្ឌលគិរី ៖ ក្នុងខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋបានប្រកបរបរជាច្រើនដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ក្នុងចំណោមមុខរបរទាំងអស់នោះ ការប្រមូលផល ទំពាំងព្រៃ ក៏ជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ពួកគាត់ដែរ ហើយទំពាំងព្រៃគឺជាដំណាំមួយប្រភេទដែលដុះដោយឯងៗក្នុងព្រៃ ហើយសម្បូរទៅដោយជីវជាតិ។
បងប្អូនជនជតិិដើមភាគតិចដែលរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា បន្ទាប់ពីការងារស្រែចំការ ដែលគាត់បានដាំដុះរួចរាល់ នៅសល់ពេលទំនេរ គាត់និងគ្រួសារ រួមជាមួយអ្នកភូមិ បាននាំគ្នារៀងរាល់ពេលដែលដល់រដូវវស្សា ចូលព្រៃទៅកាប់ទំពាំង។ ពួកគាត់បានប្រាប់ថា ទោះបីជាត្រូវចំណាយពេលយូរដើម្បីកាប់ទំពាំងម្តងៗក៏ដោយ ក៏ពួកគាត់នៅតែរីករាយដដែល។ ពីព្រោះក្រៅពីបានកាប់ទំពាំងហើយ ពួកគាត់ថែមទាំងអាចបានស្រូបយកខ្យល់បរិសុទ្ធក្នុងព្រៃ និងបន្ធូរអារម្មណ៍ពីភាពតានតឹងបានផងដែរ។ក្រោយពេលដែលប្រមូលបានច្រើន ពួកគាត់តែងតែយកទំពាំងព្រៃទាំងនោះទៅលក់នៅទីផ្សារក្នុងតម្លៃ ៨០០ រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយថ្ងៃម្នាក់អាចរកបានប្រមាណ៣០ទៅ៥០គីឡួក្រាម ។
ទោះបីជាតម្លៃនេះមិនថ្លៃខ្លាំងក៏ដោយ ប៉ុន្តែអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយផ្នែក។ លើសពីនេះទៅទៀត ទំពាំងព្រៃក៏បានជួយឲ្យពួកគាត់អាចរកប្រាក់ចំណូលបានបន្ថែមនៅពេលដែលទំនេរពីការធ្វើស្រែចម្ការ។ការប្រមូលផលទំពាំងព្រៃមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃជីវិតរបស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីផងដែរ។ នេះបានបង្ហាញឲ្យឃើញពីភាពសាមញ្ញ សប្បាយរីករាយ និងភាពចុះសម្រុងជាមួយធម្មជាតិរបស់ពួកគាត់។
លោក ផុន មករា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ប៊ូស្រា បានឲ្យដឹងថា ក្រោយរាជរដ្ឋាភិបាលបានកសាងផ្លូវក្រវ៉ាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្នុងស្រុកពេជ្រាដា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចេញចូលងាយស្រួល ទាំងទស្សនកិច្ចសិក្សាពីព្រំដែន និងក្នុងការប្របករបរនានា ព្រោះព្រំដែននេះមានព្រៃដែនជម្រកសម្បូរទៅដោយធនធានធម្មជាតិ ។
លោកនាយប៉ុស្តិ៍បន្តថា ក្នុងនាមលោកជាកងកម្លាំងប្រចាំការនៅព្រំដែន ពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ដ្បិតបច្ចុប្បន្នអ្នកភូមិ អាចចេញចូលតំបន់ព្រំដែនបានងាយ ដោយពួកគាត់អាចអាស្រ័យលើការប្រមូលផលអនុផលព្រៃឈើ ហើយពេលខ្លះអាចនេសាទត្រីតាមអូរជាប់ព្រំដែនទៀតផង ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដែនជម្រកសត្វព្រៃណាមលៀរ និងស្រែពក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពេជ្រា ខេត្តមណ្ឌលគិរី ជាតំបន់អភិរក្សដ៏សំខាន់មួយរបស់កម្ពុជា។តំបន់ទាំងពីរនេះមិនត្រឹមតែជាជម្រកធម្មជាតិសម្រាប់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានសក្តានុពលជាច្រើនទៀតដែលគួរឲ្យកត់សម្គាល់ផងដែរ។តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ និងប្រភេទសត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា ទន្សោង ដំរីអាស៊ី ខ្លាឃ្មុំ ប្រភេទបក្សីជាច្រើន និងរុក្ខជាតិព្រៃដ៏មានតម្លៃ។ ការអភិរក្សតំបន់នេះជួយរក្សា តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការពារប្រភេទសត្វដែលជិតផុតពូជ។
លោកប្រធានមន្ទីរបន្តថា ការអភិរក្សដែនជម្រកទាំងពីរនេះ គឺជារឿងចាំបាច់ណាស់ដើម្បីធានានិរន្តរភាពបរិស្ថាន និងផ្តល់អត្ថប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ការអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅប្រមូលផលអនុផលព្រៃឈើដោយមិនប៉ះពាល់ដល់បរិស្ថាន គឺជានយោបាយដ៏ល្អប្រសើរដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងអស់។ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការប្រមូលផលដូចជា ទំពាំងព្រៃ ផ្សិតព្រៃ ទឹកឃ្មុំ និង ឱសថធម្មជាតិ គឺមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។
ការងារនេះជួយកាត់បន្ថយការពឹងផ្អែករបស់ពួកគាត់លើការកាប់ឈើខុសច្បាប់ និងបង្កើនប្រាក់ចំណូលបន្ថែមនៅពេលទំនេរពីការងារស្រែចម្ការ។លើសពីនេះទៅទៀត វាបានបង្ហាញពីភាពចុះសម្រុង និងសាមញ្ញរបស់ពួកគាត់ជាមួយធម្មជាតិ។ ការអនុវត្តន៍បែបនេះបានជួយឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបរិស្ថានធម្មជាតិ៕





ចែករំលែកព័តមាននេះ