ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុកចំនួន៤ ក្នុង​ខេត្តសៀមរាប​ រងផលប៉ះពាល់ជំនន់ទឹកភ្លៀង

12 ម៉ោង មុន

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ស្រុកចំនួន៤ ក្នុង​ខេត្តសៀមរាប​ រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរចុះពិនិត្យស្ថានភាពជាក់ស្ដែង។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ…

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ស្រុកចំនួន៤ ក្នុង​ខេត្តសៀមរាប​ រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរចុះពិនិត្យស្ថានភាពជាក់ស្ដែង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត​បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់ ព្រមទាំងបានស្រកចុះវិញជាបណ្ដើរៗ តែយ៉ាងណាសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។

ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឱ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែការធ្លាក់ភ្លៀងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១ ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច បង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជាង ៣៦០ខ្នងផ្ទះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ