ខេត្តកណ្ដាល ៖ បុរសម្នាក់ខណៈផឹកស៊ីស្រវឹងជោកជាំផ្ទុះការប្រចណ្ឌប្រពន្ធ ក៏យកដំបងដែកទីប១កំណាត់វាយប្រពន្ធជាច្រើនដំបងរហូតដល់ស្លាប់ រួចបោះដំបងដែកទីបនោះចោលទៅក្នុងព្រៃហើយរត់គេចខ្លួន លុះស្វាងស្រាក៏ចូលខ្លួនសារភាពទោសនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានសម្លាប់ប្រពន្ធ ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ។ នគរបាលស្រុកអង្គ ស្នួលបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ហៀង យ៉ាត អាយុ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ ចំណែកជនដៃដល់ជាប្តីឈ្មោះ ភិន រ៉ា អាយុ៤១ឆ្នាំ ជាកម្មកររោងចក្រ ។ប្ដីប្រពន្ធនេះ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។
ក្រោយពីវាយសម្លាប់ប្រពន្ធហើយ លុះពេលស្វាងស្រាក៏ចូលខ្លួនសារភាពទោសកំហុស ចំពោះមុខសមត្ថកិច្ចថា ខ្លួនបានសម្លាប់ប្រពន្ធ ។សមត្ថកិច្ចបានរកឃើញដំបងដែកទីប១កំណាត់ ដែលបុរសរូបនេះបោះចោលក្នុងព្រៃក្បែរភូមិ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បុរសជាប្ដីបានចេញពីផ្ទះទៅផឹកស្រាជាមួយបងប្អូននៅក្នុងភូមិត្រពាំងកក់ ឃុំសំរោងលើ ។ លុះដល់វេលាម៉ោងប្រហែល៦ល្ងាច ទើបត្រឡប់មកដល់ផ្ទះវិញ តែមិនឃើញប្រពន្ធនៅផ្ទះ ក៏ដើររកនៅក្នុងភូមិ ឃើញប្រពន្ធកំពុងផឹកស្រានៅផ្ទះមិត្តភក្ដិរបស់គាត់ ។
នៅពេលនោះ បុរសជាប្តីកើតចិត្តប្រចណ្ឌហួងហែង និងបានហៅប្រពន្ធត្រឡប់ទៅផ្ទះវិញ ក៏មាន ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ។ ពេលនោះ ប្ដីស្ទុះវាយប្រពន្ធជាច្រើនដៃ ទើបប្រពន្ធរត់ទៅផ្ទះវិញ ហើយចូលទៅពួនក្នុងបន្ទប់ និងបាននិយាយប្រាប់កូនថា «កុំប្រាប់ប៉ាថា ម៉ែនៅក្នុងបន្ទប់» ។ នៅពេលបុរសជាប្តីទៅដល់ផ្ទះបានសួរកូនថា «ម្ដាយរបស់ឯងនៅឯណា ? ពេលនោះកូនបានឆ្លើយថា មិនឃើញទេ រួចកូនស្រីដើរចូលបន្ទប់ខ្លួនវិញ ហើយជននេះក៏ដើរចេញទៅវិញបាត់ទៅ ។

លុះដល់ម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃដដែល បុរសជាប្តីនេះបានដើររកប្រពន្ធឃើញ
នៅក្នុងបន្ទប់ តែបន្ទប់ចាក់សោពីខាងក្នុង ទើបីនិយាយលួងលោមប្រពន្ធឲ្យបើកទ្វារបន្ទប់ ។ ពេលនោះប្រពន្ធក៏បើកទ្វារ ស្រាប់តែបុរសជាប្តីយកដំបងដែកទីបវាយប្រពន្ធជាច្រើនដំបង ហើយកូនស្រីឃើញបែបនេះ ក៏ព្យាយាមឃាត់ឪពុកឲ្យឈប់វាយម្តាយទៀត តែឪពុកនៅតែបន្តវាយ បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់នៅកន្លែងកើតហេតុ ចំណែកឪពុកបានរត់គេចខ្លួនទៅបាត់ទៅ ។
ក្រោយមក នគរបាលប៉ុស្ដិ៍សំរោងលើទទួលបានព័ត៌មានពីកូនស្រីរបស់ជនរងគ្រោះ និងបាន
សហការជាមួយកម្លាំងនគរបាលស្រុក ទៅកាន់កន្លែងកើតហេតុដើម្បីទទួលបណ្ដឹង ធ្វើការកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ។ នៅពេលកម្លាំងសមត្ថកិច្ចកំពុងធ្វើការនៅកន្លែងកើតហេតុ ស្រាប់តែទទួលព័ត៌មានពីកងកម្លាំងដែលប្រចាំការនៅប៉ុស្ដិ៍សំរោងលើថា ជនសង្ស័យជាប្ដីបានទៅប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានទៅដល់ប៉ុស្ដិ៍ នាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្ដីបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទីបវាយ
ប្រពន្ធបណ្ដាលឲ្យស្លាប់មែន បន្ទាប់មកក៏គេចចេញពីកន្លែងកើតហេតុ និងបានយកដែកទីបទៅបោះចោលក្នុងព្រៃក្បែរភូមិ រួចក៏ដើរទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ។
តាមការពិនិត្យសពរបស់សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល ដោយមានការចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិត្រពាំងកក់ និងក្រុមគ្រួសារសព គឺជនរងគ្រោះស្លាប់នៅខាងក្រោយផ្ទះក្រោមញ៉ាបផ្ទះបាយ ពាក់អាវដៃវែងពណ៌ខៀវ និងស្លៀកខោជើងវែងពណ៌ខៀវ ក្បាលខាងក្រោយមានស្នាមបែកជាច្រើនកន្លែង ។
បច្ចុប្បន្ន បុរសជាប្តីត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថា ប្ដីប្រពន្ធនេះមានកូន៣នាក់ ដោយកូនប្រុស២នាក់នៅជាមួយជីដូន ឯកូនស្រីពៅនៅជាមួយឪពុកម្ដាយ ។ ពេលនេះ ពួកគេបានក្លាយជាក្មេងកំព្រា ដោយសារតែម្ដាយបានស្លាប់ទៅហើយ ឯឪពុកគ្មានថ្ងៃចេញពីពន្ធនាគារនោះទេ ៕
ចែករំលែកព័តមាននេះ