រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់ និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-ថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល ។
តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេស្គាល់ និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់ នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានា នៅក្នុងពិភពលោក តាមរយៈសកម្មភាពការទូតយ៉ាងសកម្ម និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ នាពេលនេះ និងបានពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជា ទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស ។
បន្ថែមពីលើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពង ដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្ករហេតុ ដែលនាំដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ក៏បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា ។
សំឡេងតែមួយរបស់កម្ពុជា ដែលថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរ បង្ហាញទៅកាន់ពិភពលោក គឺកម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺមិនមែនជម្លោះប្រដាប់អាវុធទេ។ គោលបំណង និងសកម្មភាពជាក់ស្តែងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ និងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា ដំណើរទស្សនកិច្ចរបស់អង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាមន្ត្រីបរទេសផ្សេងៗទៀតរួមទាំងអ្នកសារព័ត៌មានផង ដែលបានមកដល់កម្ពុជា ក៏ដូចជាការនាំសារពីការពិតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ។
សរុបទៅ អាចនិយាយបានថា កម្ពុជា គឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយនិងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជាទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក។ ទោះយ៉ាងណា បេសកកម្មនៅមិនទាន់ចប់នៅឡើយទេ ដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តថែរក្សាកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំនេះនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានរបស់យើងជាបន្តទៀត និងដោយឥតងាករេ ៕
ចែករំលែកព័តមាននេះ