ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​ទៅ​ថៃ​រឿង​ឱ្យ​ជម្លៀស​ប្រជាជនកម្ពុជា​ក៏​ជំរុញ​ឱ្យ​មាន​កិច្ច​ប្រជុំ JBC ឱ្យ​បាន​ឆាប់​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ឆ្លើយ​តប​ទៅ​នឹង​ភាគី​ថៃ​ដែល​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ជម្លោះ​ភាគី​កម្ពុជា បាន​ជំរុញ​ឱ្យ​មាន​កិច្ច ប្រជុំ JBC ឱ្យ​បាន​ឆាប់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ យោង​តាម​លិខិត​របស់​មេបញ្ជាការ​កងទ័ពជើងគោក​យោធភូមិ​ភាគ​ទី​៥​ឧត្តមសេនីយ៍​ឯក ឯក សំ​អូន…

រាជធានី​ភ្នំពេញ​ ៖​ ឆ្លើយ​តប​ទៅ​នឹង​ភាគី​ថៃ​ដែល​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ជម្លោះ​ភាគី​កម្ពុជា បាន​ជំរុញ​ឱ្យ​មាន​កិច្ច ប្រជុំ JBC ឱ្យ​បាន​ឆាប់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

យោង​តាម​លិខិត​របស់​មេបញ្ជាការ​កងទ័ពជើងគោក​យោធភូមិ​ភាគ​ទី​៥​ឧត្តមសេនីយ៍​ឯក ឯក សំ​អូន ​ឆ្លើយ​តប​ទៅ លោក ឧត្តមសេនីយ៍ទោ វី​រ៉ា​ក់​យុ​ត លឿង​សុវណ្ណ​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ នៃ​កងទ័ព​ភូមិន្ទ​ថៃ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ថៃ​- កម្ពុជា តប​តាម​កម្មវត្ថុ​ខាងលើ ខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​លោក​មេបញ្ជាការ​ជ្រាប​ថា​យោង​តាម ស្មារតី នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ខេត្ត កោះកុង ព្រះរាជាណាចក្រ​កម្ពុជា យោធភូមិ​ភាគ​ទី​៥ បាន​ស្នើ​អញ្ជើញ​កងទ័ព​ភូមិភាគ​ទី​១ ដើម្បី​ប្រជុំ​វិសាមញ្ញ លើក​ទី​២ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១០-១២ ​ខែតុលា ឆ្នាំ​២០២៥ នៅ​ក្រុង ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ភាគី​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ឧត្តម សេនីយ៍​ឯក​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៥ យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​កងទ័ព​ភូមិភាគ​ទី​១ ដោយ ខ្លឹមសារ​បញ្ជាក់​ថា លុះត្រាតែ​យោធភូមិ​ភាគ​ទី​៥ រៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​នៅ ក្នុង​តំបន់​ឈម​បរិវេណ​ភូមិ​ណ​ង​ចាន់ ភូមិ​ណ​ង​យ៉ា​កែវ ស្រុក​ខូ​ក​ស្ទឹង ខេត្ត​ស្រះ​កែវ និង​ភូមិ​តា​ជាក់​យ៉ា ស្រុក​តា ជាក់​យ៉ា ខេត្ត​ស្រះ​កែវ សរុប​ចំនួន​៣​តំបន់ ដោយ​ផ្ញើ​ផែនការ​ជម្លៀស​ប្រជាជន​នេះ មក​កងទ័ព​ភូមិភាគ​ទី​១​នៅ​ថ្ងៃ ទី​៧ ខែតុលា ឆ្នាំ​២០២៥​សិន ទើប​ភាគី​កងទ័ព​ភូមិភាគ​ទី​១ យល់ព្រម​ចូលរួម​ការ​ប្រជុំ​តាម​សំណើ​ខាងលើ​។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ​មេ​យោធភូមិ​ភាគ​ទី​៥ សូម​បញ្ជាក់​ជំហរ​ថា ការ​ស្នើ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​រវាង​យោធភូមិ​ភាគ​ទី​៥​និង​កងទ័ព​ភូមិភាគ​ទី​១ គឺជា​ការ អនុវត្តន៍​ទៅ​តាម​ស្មារតី​នៃ​ការ​ប្រគល់​ភារកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​GBC នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ក៏​ដូច​ជា​ការ​ដែល​បាន​កំណត់​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី ២២ ខែសីហា​ឆ្នាំ​២០២៥​។

ឧត្តមសេនីយ៍ឯក​បាន​លើក​ឡើង​ទៀត​ថា​ចំពោះ​ករណី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ដែល​ភាគី​កងទ័ព​ភូមិភាគ​ទី​១ បាន​ដាក់​ស្នើ​មក គឺ​ត្រូវ​អនុវត្តន៍ ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៃ​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ ពិសេស​ក្នុង​ចំណុច​ទី​៨ នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ដែល​បាន​ប្រគល់​ភារកិច្ច​ឱ្យ JBC ដែល​ជា​យន្តការ​មាន​សមត្ថកិច្ច​ក្នុង​ការ​ប្រជុំ​ដោះស្រាយ ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុង​កម្រិត​យោធ ភូមិភាគ គឺ​មាន​ភារកិច្ច​ត្រឹមតែ​សម្រួល​បញ្ហា​នៅ​នឹង​កន្លែង បន្ធូរបន្ថយ​ភាព​តានតឹង និង ដោះស្រាយ​បញ្ហា​ដោយ សន្តិវិធី ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​កំណត់​អំពី​ខ្សែ​ព្រំដែន​នោះ​ទេ​។

ឯកឧត្តម​បញ្ជាក់​ថា​៖”​ខ្ញុំ​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​អង្កេត​នៅ​លើ​ដី​ជាក់ស្តែង បាន​បង្ហាញ និង​បញ្ជាក់​ច្បាស់​ថា​នៅ​កន្លែង​ខ្លះ​ក៏​មាន ការ​កាន់កាប់ និង អាស្រ័យ​ផល​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ថៃ ចូល​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា​ដែរ ។ បញ្ហា​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​ស្មុគស្មាញ និង ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​ទាម ទារ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​និង​គោលការណ៍​ទាំងឡាយ​ដែល​ភាគី​ទាំង​ពី​បាន​ឯកភាព​គ្នា​កន្លង​មក​”​។

ឯកឧត្តម​បន្ថែម​ថា​កម្ពុ ជា​ប្រកាន់​ជំហរ​គោរព​ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ពោល​គឺ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ កិច្ចប្រជុំ​JBC ចំពោះ​ករណី​នៅ​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ (​ដោយ​រួម​ទាំង​តំបន់​ដែល​មាន​សំណង់​ថៃ និង​ប្រជាជន​ថៃ​ធ្វើ​សកម្មភាព ហួស​បង្គោល​ព្រំដែន​មួយ​ចំនួន​ផង​) ។ ក្នុង​ន័យ​នេះ កម្ពុជា​ក៏​ជំរុញ​ឱ្យ​មាន​កិច្ច ប្រជុំ JBC ឱ្យ​បាន​ឆាប់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

មេ​យោធភូមិ​ភាគ​ទី​៥ ក៏​ស្នើ​សុំ​ឱ្យ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អ្វី​ដែល​ភាគី​ទាំង​ពីរ កម្ពុជា​-​ថៃ បាន​ព្រមព្រៀង​គ្នា កន្លង មក​ក្នុង​កិច្ចប្រជុំ GBC ។ កម្ពុជា​សូម​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់ ក្នុង​ការ​បង្កើត​បរិយាកាស អំណោយផល​ដល់ ដំណើរការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ជា​ពិសេស​តាម​រយៈ​ការ​បញ្ចៀស​រាល់​សកម្ម ភាព​ទាំងឡាយ ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ យើង​ទាំង សងខាង ដោយ​រង់ចាំ​រហូត​ដល់​មានការ​សម្រេចចិត្ត​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សី​ម៉ា​ព្រំដែន​គោក (JBC) នៃ​ប្រទេស យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ