ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហង្ស ជួនណារ៉ុន ប្រាប់ឱ្យដោះស្រាយរឿង ៧ចំណុចសម្រាប់សាលាដែលរងផលប៉ះពាល់ដោយសារសង្រ្គាម

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដកឃ្លា​បាន​ប៉ុន្មាន​ថ្ងៃ​ពី​ការ​រៀបចំ​ដំណើ​ការ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២៥ រដ្ឋមន្ត្រីក្រសួង​អប់រំ នៅ​ថ្ងៃនេះ​បាន​ដឹក​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​លើ​ការងារ​សាងសង់ និង​ជួសជុល​អគារសិក្សា​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។ ប្រភព​ពី​ផេ​ក​ក្រសួង​អប់រំ យុវជន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដកឃ្លា​បាន​ប៉ុន្មាន​ថ្ងៃ​ពី​ការ​រៀបចំ​ដំណើ​ការ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២៥ រដ្ឋមន្ត្រីក្រសួង​អប់រំ នៅ​ថ្ងៃនេះ​បាន​ដឹក​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​លើ​ការងារ​សាងសង់ និង​ជួសជុល​អគារសិក្សា​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។

ប្រភព​ពី​ផេ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទី​ស្តី​ក្រសួង ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​លើ​ការងារ​សាងសង់ និង​ជួសជុល​អគារសិក្សា ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ ។

កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល ដើម្បី​កែ​លម្អ និង​សម្រេច​លើ​គម្រោង​ផែនការ​ជួសជុល​អគារសិក្សា​ដែល​រង​ការ​ខូចខាត​ពី​ការ​វាយប្រហារ​របស់​ថៃ និង​គម្រោងការ​សាងសង់​អគារ​រឹង​មាំ​ស្តង់ដា​ក្រសួង ទន្ទឹម​នេះ​ក៏​ត្រៀម​សម្រាប់​ការ​សាងសង់​កន្លែង​ប្រើប្រាស់​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ដំណើរ​រៀន និង​បង្រៀន​អំឡុង​ពេល​សាងសង់​អគារសិក្សា​ស្តង់ដា​រឹង​មាំ ។ បន្ទាប់​ពី​ស្តាប់​របាយការណ៍​ស្តី​ពី​គម្រោង​សាងសង់​អគារសិក្សា​បណ្តោះអាសន្ន​ដែល​រង​ការ​ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅ​តាម​បណ្តោយ​ព្រំដែន ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ រួច​មក ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍ ដូច​ជា ៖

១) សូម​ក្រុមការងារ​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ដល់ទី​តាំង​ជាក់ស្តែង​ដែល​ត្រូវ​សាងសង់ និង​ជួសជុល ដើម្បី​ស្វែង​យល់ និង​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ច្បាស់លាស់​ពី​តម្រូវការ​ចាំបាច់​ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​ជួសជុល និង​សាងសង់​ឆាប់រហ័ស​តាម​ការ​គ្រោងទុក
២) សូម​ត្រៀម​ឱ្យ​រួច​ជា​ស្រេច នូវ​ប្លង់​អគារសិក្សា​ស្តង់ដារ​ក្រសួង និង​ការ​សាងសង់​បណ្ណាល័យ បញ្ជី​គម្រោង​ថវិកា​សាងសង់ និង​ជួសជុល
៣) រៀបចំ​ការ​ស្នើ​សុំ​គោលការណ៍​ក្នុង​ការ​សាងសង់ និង​ជួសជុល ដើម្បី​ឱ្យទាន់​ការ​បើក​បវេសនកាល
៤) ស្នើ​សុំ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព និង​ការ​បោសសំអាត​មីន​នៅ​តាម​សាលារៀន​ដែល​រង​ប៉ះពាល់
៥) ក្នុង​ករណី​ដែល​មិន​អាច​ដំណើរការ​បាន​ដោយសារ​ស្ថានភាព​នៅ​ព្រំដែន​មិន​ទាន់​មាន​ស្ថិរភាព សូម​រៀបចំ​ជា​យុទ្ធសាស្ត្រ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី តាម​តំបន់​ទី​ទូល​សុវត្ថិភាព​ដែល​អំណោយផល​ដល់​ការ​រៀន និង​បង្រៀន
៦) សូម​រៀបចំ​របាយការណ៍​ស្តី​ពី ស្ថានភាព​សាលារៀន​ដែល​រង​ផល​ប៉ះពាល់ និង​វិភាគ​រក​ដំណោះស្រាយ និង​ទីតាំង​សម្រាប់​ការ​បង្រៀន​ដែល​សម​ស្រប ក៏​ដូច​ជា​តម្រូវការ​ចាំបាច់​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​ដំណើរការ​រៀន និង​បង្រៀន
៧) សូម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សាលារៀន​ឡើង​វិញ​តាម​តំបន់ និង​រៀបចំសេចក្តី​ណែនាំ​សម្រាប់​ការ​បើកប​វេស​កាល​ថ្មី នា​ដើមខែ​វិ​ច្ឆ​កា ២០២៥ ខាង​មុខ​នេះ ។

ជា​ថ្មី​ម្តងទៀត សូម​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​អនុវត្ត​ការងារ​នេះ​ជា​អាទិភាព​ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន ដើម្បី​ធានា​បាន​ថា សិស្ស​ដែល​រស់នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន នឹង​អាច​បន្ត​ការ​សិក្សា​នៅ​ឆ្នាំ​សិក្សា​ថ្មី ២០២៥ – ២០២៦​នេះ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​បន្ត​យកចិត្តទុកដាក់ និង​ទាក់ទង​យ៉ាង​ដិត​ដល់​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា នៃ​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ ដើម្បី​តាមដាន​ស្ថានភាព​របស់​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សហគមន៍ សំដៅ​ផ្តល់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ប្រកបដោយ​ប្រសិទ្ធភាព​ឱ្យ​អស់ពី​លទ្ធភាព​៕

កែសម្រួលដោយ