ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ! មណ្ឌលប្រឡងបាក់ឌុប២៤១ទូទាំងប្រទេសនឹងបើកដំណើរការប្រឡង ខណៈបេក្ខជនចុះឈ្មោះប្រឡង១សែន៤ម៉ឺន៦ពាន់នាក់

56 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នេះ មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទូ​តិ​យ​ភូមិ (​បាក់​ឌុ​ប​) នៅ​ទូ​ទាំង​ប្រទេស​ចំនួន​២៤១​មណ្ឌល នឹង​បើក​ដំណើរការ​ប្រឡង ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នេះ មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទូ​តិ​យ​ភូមិ (​បាក់​ឌុ​ប​) នៅ​ទូ​ទាំង​ប្រទេស​ចំនួន​២៤១​មណ្ឌល នឹង​បើក​ដំណើរការ​ប្រឡង ។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៤-២០២៥ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៨-២៩ សីហា​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ប្រមាណ​១​សែន​៤​ម៉ឺន​៦​ពាន់​នាក់ ហើយ​ចែក​ជា​២៤១​មណ្ឌល ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​១៤៦៧២០ នាក់ ស្រី​៨១៤៤២​នាក់ ក្នុង​នោះ ៖ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៤០៦៧៨​នាក់ ស្រី​២៤៥១៩​នាក់ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១០៦០៤២​នាក់ ស្រី​៥៦ ៩២៣​នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់​ក្នុង​មួយ​បន្ទប់​ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ​តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ។

មណ្ឌល​សំ​ណេ​រ មាន​ចំនួន​សរុប​២៤១​មណ្ឌល ត្រូវជា​៥៩២៤ បន្ទប់​ក្នុង​នោះ ៖ ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៧២​មណ្ឌល ត្រូវជា​១៦៥៥​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៦៩ មណ្ឌល ត្រូវជា​៤២៦៩​បន្ទប់ ។ មណ្ឌល​កំណែ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន​១០​មណ្ឌល នៅ​រាជធានី​ភ្នំពេញ ។ គណៈមេប្រយោគ និង​គណៈកម្មការ​នានា ដែល​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​នៅ​គ្រប់​ដំណាក់កាល​មាន​ចំនួន​សរុប​៣១២០៣​នាក់ មក​ពី​ថ្នាក់​ក្រសួង​មាន​ចំនួន​៤២៥៦ នាក់ និង​មក​ពី​ថ្នាក់​រាជធានី ខេត្ត មាន​ចំនួន​២៦៩៤៧​នាក់ ក្នុង​នោះ ៖ ដំណើរការ​សំ​ណេ​រ​មាន​ចំនួន​១៩ ៩៤៧ នាក់ មក​ពី​ថ្នាក់​ក្រសួង​ចំនួន​៦៧៧​នាក់ និង​មក​ពី​ថ្នាក់​រាជធានី​ខេត្ត មាន​ចំនួន​១៩២៧០ នាក់​។

ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ដែរ​ថា រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ដោយ​មាន​កាលបរិច្ឆេទ​សំខាន់​ៗ​ដូច​ខាងក្រោម ៖ ដំណើរការ​សរសេរ​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨-២៩ ខែសីហា ឆ្នាំ​២០២៥ ។ ដំណើរការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៥ ។

ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ ។ ដំណើ​ការ​បោះពុម្ព​លទ្ធផល​ប្រឡង ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​កំណត់ យក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​តាម​មណ្ឌល​សំ​ណេ​រ​នៃ​រាជធានី ខេត្ត​ទាំង ២៥​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ