រាជធានីភ្នំពេញ ៖ ប្រធានវង់ល្ខោនបាសាក់វង់ទី១ រាជធានីភ្នំពេញ លោក អុល សំអាង បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ សុំកុំទុកសិល្បៈល្ខោនបាសាក់មហាជនឱ្យរស់នៅតាមយថាកម្ម ពោលគួរមានការគិតគូរជួយជ្រោមជ្រែង ដ្បិតក្រុមសិល្បៈល្ខោនបាសាក់មហាជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារការវិវត្តក្នុងការរីកចម្រើនក្នុងស្ថានការណ៍បត់បែនរបស់សង្គមតាំងតែពីការកកើតនៃទម្រង់ល្ខោនបាសាក់នេះ ។

តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គម លោក អុល សំអាង បានលើកឡើងថា យើងដឹងស្រាប់ហើយថា ក្រុមសិល្បៈល្ខោនបាសាក់មហាជន ចាប់តាំងពីកំឡុងឆ្នាំ1930 រហូតដល់បច្ចុប្បន្នភាពដែលល្ខោនបាសាក់នៃក្រុមមហាជនជាច្រើនបានរីករាលដាលដំណើរការសម្ដែងផ្សព្វផ្សាយការសំដែងទៅតាមស្រុកស្រែចម្ការរហូតដល់កម្ពុជាសព្វថ្ងៃ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយក្រុមសិល្បៈមហាជនចេះតែបង្កបង្កើតបន្តបន្ទាប់ ។

លោកបន្តថា ទោះបីជាក្រុមនីមួយៗនៃក្រុមសិល្បៈមហាជនប្រឈមចំពោះការខ្វះខាតខ្វះសម្ភារ និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង ប៉ុន្តែក្រុមសិល្បៈមហាជនបានឈរជើងយ៉ាងរឹងមាំបន្តបន្ទាប់ក្នុងការទ្រទ្រង់ថែរក្សាទម្រង់ល្ខោនបាសាក់ដែលជាកេរមរតកតាំងពីយូរយារណាស់មកហើយរបស់ដូនតាខ្មែរ ។

លោកបន្ថែមថា កត្តាទាំងនេះហើយ គួរតែសង្គមយើងជួយលើកស្ទួយជ្រោមជ្រែងដល់ក្រុមសិល្បៈមហាជនដែលកំពុងតែខិតខំប្រឹងប្រែងថែរក្សាទម្រង់ល្ខោនបាសាក់ យ៉ាងណាមិញដូចជាក្រុមល្ខោនបាសាក់ អុល សំអាងវង់ទី១រាជធានីភ្នំពេញ ជាសិល្បៈមហាជនបានពុះពារខ្នះខ្នែងយ៉ាងសកម្មអស់រយៈជាង២០ឆ្នាំ ហើយក្នុងការផ្សព្វផ្សាយបង្កបង្កើតសម្ដែងតម្រូវការរបស់មហាជនប្រជាជន និងផ្សព្វផ្សាយវប្បធម៌ខ្មែរផ្នែកទស្សនីយភាពល្ខោនបាសាក់នេះបន្តវេនអំពីបុព្វការី និងលោកគ្រូអ្នកគ្រូដែលជាព្រឹទ្ធាចារ្យបន្សល់ទុកឲ្យ ។

លោកបញ្ជាក់ថា ទោះបីជាមានក្រុមសិល្បៈមហាជនជាច្រើនបង្កើតបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ មិនប្រាកដថែរក្សាបាននិងទម្រង់នៃល្ខោនបាសាក់ខ្មែរនោះទេ ក៏ប៉ុន្តែក្រុម អុលសំអាង បានរក្សានិងខិតខំរៀនស្រាវជ្រាវរិះរកគ្រប់មធ្យោបាយក្នុងការថែរក្សា និងសម្ដែងឲ្យចំវង់ល្ខោនបាសាក់ទាំងកាយវិការនិយាយស្ដីទាំងបទភ្លេងបទចម្រៀងបាសាក់នាដកម្មក្នុងការសម្ដែងឲ្យចំនឹងទម្រង់ប្រាសាក់នេះ គឺជាទិសដៅរបស់ក្រុមអុល សំអាង និងខិតខំយ៉ាងស្វិតស្វាញគ្រប់មធ្យោបាយ ទោះបីមានបញ្ហាប្រឈមខ្លះៗក្នុងវង់ក្តី ។

វង់ អុល សំអាង បានខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមកែច្នៃនូវទេពកោសល្យសំដែងបង្កើនសមត្ថភាព ដើម្បីចេញសំដែងបម្រើទស្សនិកជនមហាជនប្រជាជនម្ចាស់ដើមទានប្រធានដើមបុណ្យ ដើម្បីចូលរួមថែរក្សាការពារអភិរក្សអភិវឌ្ឍន៍ទម្រង់ល្ខោនបាសាក់ឲ្យកាន់តែប្រសើរបន្តវេនអំពីលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលលោកបានមកសល់ទុកនូវស្នាដៃគុណសម្បត្តិនិងតម្លៃទ្រព្យសម្បត្តិដ៏មហាសាលនៃទម្រង់ល្ខោនបាសាក់ជាតិ ។

បើតាមលោក អុល សំអាង យើងដឹងហើយថា បើកាលណាយើងយកល្ខោនបាសាក់ទៅសម្ដែងទៅកែច្នៃឲ្យខុសពីបែបបទសម្ដែងអសុរោះអសីលធម៌ ខ្វះក្រមសីលធម៌ វាធ្វើឲ្យខូចដល់បែបបទ និងធ្លាក់ចុះបាត់ការគាំទ្រពីមហាជន ដោយសារតែយើងមិនបានគិតឲ្យដិតដល់ ពីព្រោះការសម្ដែងអសុរោះ ឬយកល្ខោនបាសាក់ទៅកំប្លុកកំប្លែងគ្មានបែបគ្មានបទក៏វាបង្កឲ្យធ្លាក់ចុះ បាត់ប្រជាប្រិយភាព និងទម្រង់ដើមរបស់ដូនតាដែលខិតខំរក្សាទុក ។

ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ព្រោះល្ខោនបាសាក់បានផ្ដល់នូវការអប់រំជាគំរូល្អអាចយកទៅដោះស្រាយក្នុងជីវភាពផ្លូវចិត្ត ផ្ដល់ចំណេះចេះដឹងយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយលើកកម្ពស់អភិរក្សអក្សរសិល្ប៍ប្រពៃណី សង្គមជាតិខ្មែរ ។

លោកអុល សំអាង បានបន្ថែមថា លោកតែងតែសំណូមពរដល់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធឲ្យជួយជ្រោមជ្រែងចំពោះក្រុមល្ខោនបាសាក់មហាជនខ្លួនដែលសម្ដែងចំទំរង់ជាលក្ខណៈជាតិខ្មែរ និងផ្ដល់នូវគំរូជាក្បួនខ្នាតផ្តល់ការអប់រំផ្ដល់នូវបទពិសោធន៍ និងទុកជាគំរូដ៏ជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវពីព្រោះថា កវីបណ្ឌិតអ្នកប្រាជ្ញ ឬអ្នកសម្ដែងឆ្នើមៗរបស់ល្ខោនខ្មែរលោកខិតខំយ៉ាងខ្លាំង។

លោកបន្តថា មិនគួរណាយើងយកល្ខោនទៅសម្តែងខុសទៅសម្ដែងឲ្យខុសពីបែបបទធ្វើឲ្យបាត់បង់ទម្រង់ទម្រង់ដើមធ្វើអោយធ្លាក់ប្រជាប្រិយភាពធ្វើឲ្យគ្មានការគាំទ្រអំពីសំណាក់មហាជននេះ ក៏ជាកំហុសមួយផ្នែកនៃសិល្បករបើកាណាយើងខ្វះមូលដ្ឋានគ្រឹះនិងបែបបទក្នុងការសម្ដែងនោះធ្វើឲ្យល្ខោនកាន់តែធ្លាក់ ។

យ៉ាងណា សម្រាប់វង់ល្ខោនរបស់លោកគឺតែងតែខិតខំជំរុញវិស័យវប្បធម៌ផ្នែកល្ខោនបាសាក់មហាជនឲ្យមានការប្រុងប្រយ័ត្ន និងការខិតខំរិះរកគ្រប់មធ្យោបាយនូវទេពកោសល្យសម្ដែង និងការដឹកនាំសមប្រកបដោយក្រមសីលធម៌ ដើម្បីលើកកម្ពស់លើកតម្កើងតម្លៃនៃគុណសម្បត្តិរបស់ល្ខោនបាសាក់ខ្មែរយើងឲ្យបានត្រឹមត្រូវថ្លៃថ្លា ចូលរួមស្តារនិងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលក្នុងការតម្កើងជាតិយើងឲ្យកាន់តែរុងរឿង។
defaultលោកបញ្ជាក់ថា ល្ខោនបាសាក់មហាជនដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សាការពារអភិរក្សអភិវឌ្ឍន៍ សូមកុំទុកសិល្បៈមហាជនក្រុមមហាជនរស់នៅតាមយថាកម្មត្រូវគិតគូរជួយជ្រោមជ្រែង
ផង ៕
ចែករំលែកព័តមាននេះ