ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ចាត់​ទុក​សកម្មភាព​កងកម្លាំង​ថៃ មាន​ចេតនា​ពង្រីក​ជម្លោះ ចូល​ទៅ​ក្នុង​តំបន់​ប្រជាជន​ស៊ី​វិល

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា សកម្មភាព​រំលោភ​របស់​កងកម្លាំង​របស់​ថៃ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា សកម្មភាព​រំលោភ​របស់​កងកម្លាំង​របស់​ថៃ លើ​អធិបតេយ្យភាព​របស់​កម្ពុជា ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ប៉ុនប៉ង​ដោយ​ចេតនា​របស់​ថៃ ក្នុង​ការ​ពង្រីក​ជម្លោះ​ចូល​ទៅ​ក្នុង​តំបន់​ប្រជាជន​ស៊ី​វិល ។

ការ​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ធ្វើ​ឡើង​ក្នុង​ការ​ធ្វើ​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើក​ឡើង​ថា ការ​រំលោភ​នេះ ក៏​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​បន្ថែម​ទៀត ទៅ​ដល់​បទ​ឈប់​បាញ់​កំពុង​តែ​មាន​ភាព​ផុយ​ស្រួយ ហើយ​វា​ក៏​ជា​ការ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​សម្រេច​បាន​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ពុ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ។

លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ផ្ទុយ​ស្រឡះ​ពី​ស្មារតី នៃ​កំណត់ហេតុ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មកា​ធិ​ការ​កិច្ចការ​ព្រំដែន​ទូទៅ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួ ដែល​ត្រូវ​បាន​គូសបញ្ជាក់​បន្ថែម​ទៀត ដោយ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​តំបន់​រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការ​ការពារ​ព្រំដែន​ចន្ទ​បុរី និង​ត្រា​តរបស់​ថៃ ។

សូម​រម្លឹក​ជូន​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជូន​លិខិតតវ៉ា ទៅ​កាន់​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​។ ការ​តវ៉ា​ដ៏​ខ្លាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កា​រំលោភ​ជា​បន្តបន្ទាប់ ដោយ​កងកម្លាំង​របស់​ថៃ​ចូល​មក​ក្នុង​ទឹកដី​របស់​កម្ពុជា ។

នេះ​គឺជា​ការ​តវ៉ា​លើក​ទី​៣ បន្ទាប់​ពី​មានការ​តវ៉ា​ចំនួន​២​លើក​មុន​នេះ នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ។ ការ​តវ៉ា​លើក​នេះ បាន​គូសបញ្ជាក់​ថា ទី​១.​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤: ២០​នាទី​យោធា​ថៃ បាន​បន្ត​ដាក់​ខ្សែលួស​បន្លា នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ​។ សកម្មភាព​នេះ គឺជា​រំលោភ​ថ្មី​មួយទៀត​របស់​យោធា​ថៃ ចូល​មក​ក្នុង​ទឹកដី​របស់​កម្ពុជា ហួស​ពី​ទីតាំង​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ