ខេត្តសៀមរាប៖ ភរិយាវីរកងទ័ពចំនួន ៧នាក់ និងជនភៀសសឹកមានចំនួន ១៤នាក់
បានសម្រាលកូន ដោយសុវត្ថិភាពទាំងម្ដាយនិងទារក ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៦ ខែសីហានេះថា គិតត្រឹមថ្ងៃទី១៩ ខែសីហាដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥មានស្រ្តីសម្រាលកូនដែលមានក្រុមគ្រួសារវីរះកងទ័ពជួរមុខសមរភូមិចំនួន ០៧នាក់និងស្រ្តីក្រុមគ្រួសារភៀសសឹកមានចំនួន ១៤នាក់។
ជាមួយគ្នានេះមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា ផ្នែកសង្រ្គោះទារក អគារក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន បង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖របៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ តែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភ និងបង្រៀនម្តាយពីអត្ថប្រយោជន៍ការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin) គឺស្ថានភាព Kangaroo ។
ប្រភពខាងលើបានបញ្ជាក់ថា ជាមធ្យមការអប់រំ និងបង្រៀនដល់ស្រ្តីក្រោយសម្រាលកូន ដោយគិលានុបដ្ឋាយិកា និងឆ្មប មានចំនួន ៥០ ទៅ ៧០នាក់ ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងស្ត្រីនៅអគារក្រោយសម្រាលកូន បន្ទប់សម្រាលកូន និងស្ត្រីនៅអគារសង្គ្រោះទារក។
បើតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ រួមមាន ពិគ្រោះជំងឺក្រៅ មានចំនួន ៤៣៩នាក់ ស្រ្តីសម្រាកពេទ្យ មានចំនួន ២៧៨នាក់ សម្រាលកូនធម្មតា មានចំនួន ៦៦នាក់ និងសម្រាលកូនដោយវះកាត់ មានចំនួន ១៤នាក់៕
ចែករំលែកព័តមាននេះ