រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកសម្អាត និងត្រួតពិនិត្យបន្ទប់រៀន ព្រមទាំងបន្ទប់ទឹកក្នុងបរិវេណវិទ្យាល័យបាក់ទូក ដើម្បីធានាបរិស្ថានអនាម័យល្អប្រសើរ ត្រៀមធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជូនដល់សិស្សានុសិស្ស នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។
ការចុះសម្អាត និងត្រួតពិនិត្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយលោកចៅសង្កាត់វាលវង់ គណៈគ្រប់គ្រងសាលាបាក់ទូក មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនមីហ្សូដា (Mizuda) ដើម្បីបោសសម្អាត បាញ់ទឹកលាងតាមដងផ្លូវ ជាពិសេសបន្ទប់ទឹកត្រូវមានអនាម័យល្អសម្រាប់សិស្សានុសិស្សប្រើប្រាស់មានផាសុកភាពផងដែរ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ការចុះបាញ់ទឹកលាងសម្អាតនេះ គឺដើម្បីធានាឲ្យមានបរិស្ថានអនាម័យល្អ ជាពិសេសបន្ទប់ទឹកតែម្តង ត្រូវមានអនាម័យស្អាត និងតាមបន្ទប់មណ្ឌលប្រឡងត្រូវមានអំពូលភ្លើង និងកង្ហារគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សពេលប្រឡង ។
លោកអភិបាលបានបន្ថែម និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងវិទ្យាល័យបាក់ទូក ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលាបានល្អប្រសើរ។ បន្ទប់ទឹកមានអនាម័យល្អ ក្នុងបន្ទប់ នៃអាគារសាលារៀននីមួយៗ មានបំពាក់ភ្លើងអគ្គិសនី និងកង្ហារគ្រប់គ្រាន់សម្រាប់សិស្ស ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ៧មករា សូមជូនពរដល់សិស្សានុសិស្ស ដែលត្រូវប្រឡងទុតិយភូមិ នាសម័យប្រឡងប៉ុន្មានថ្ងៃខាងមុខនេះ ទទួលបានជោគជ័យ និងលទ្ធផលល្អគ្រប់ៗគ្នា ៕





ចែករំលែកព័តមាននេះ