ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅភូមិល្វា ឃុំល្វាលើ ស្រុកចំការលើ ចំនួន៥ គ្រួសារបានចាប់យកអាជីពដុតក្រឡានលក់សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ចំពោះរសជាតិវិញគឺមិនចាញ់ក្រឡាននៅតាមតំបន់ផ្សេងទៀតនោះទេមានពេលខ្លះគេបានកម្មង់ទិញយកទៅប្រទេសកូរ៉េខាងត្បូងក៏មាន។
អ្នកស្រីរួន សារ៉េតអាយុ៣៤ឆ្នាំ ប្រកបរបរដុតក្រឡានលក់បានរៀបរាប់ឲ្យដឹងថា:ចំពោះមុខរបរមួយនេះត្រូវបានងើបដុតក្រឡាននៅវេលាម៉ោង៣ទៅម៉ោង៤ទៀបភ្លឺជាមួយនឹងប្ដី ដោយប្រើពេល៤ទៅ៥ម៉ោងទើបចម្អិនឆ្អិននិងសកដាក់ល្អី សម្រាប់តាមម៉ូតូមួយគ្រឿងដែលលក់តាមទីផ្សារនិងទីប្រជុំជនផ្សេងៗដូចជាមានកម្មវិធីចែកអំណោយឬបុណ្យទាននៅតាមទីវត្តអារាមជាដើម។
អ្នកដុតក្រឡានរូបនេះបានរៀបរាប់បន្តថាចំពោះគ្រឿងផ្សំក្នុងនោះមានអង្ករដំណើបនិងដូងទឹកដោះគោ សណ្ដែក ដោយក្រឡានមួយលក់ទៅតាមប្រភេទចាប់ពីតូចទៅធំតម្លៃ ៥០០រៀលដល់៤០០០រៀល។ពេលចម្អិនបានម្ដងៗមានប្រហែល៥០ទៅ ៦០ក្រឡាន ហើយមិនមានឈ្នុកនិងផ្នែកបាតខាងក្រោមខ្លីនិយាយរួមគឺសាច់ច្រើនថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ជាមួយនោះមានពេលខ្លះអ្នកភូមិរបស់គាត់ដែលមានកូនធ្វើការនៅប្រទេសកូរ៉េខាងត្បូង ពេលត្រូវឡើងយន្តហោះគាត់ឆ្លៀតមកកម្មង់ទិញក្រឡានដើម្បីយកទៅឲ្យកូន។ ដោយប្រើពេលមួយថ្ងៃហ្នឹងទៅដល់ប្រទេសគេ។
មានពេលខ្លះទៀតក៏អ្នកភូមិកម្ម៉ង់ទិញផ្ញើទៅបងប្អូននៅរាជធានីភ្នំពេញជាដើម គាត់បានប្រកបរបរដុតក្រឡានលក់ជាមួយនឹងប្ដីរហូតមកដល់ពេលនេះមានរយៈពេលជិត១០ឆ្នាំមកហើយ ក្នុងមួយថ្ងៃបើលក់អស់អាចចំណេញបាន ៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល។ ហើយនៅចំការលើពុំមានឫស្សីនោះទេ ដូច្នេះត្រូវឱ្យគេដឹកឲ្យពីតាមបណ្ដាស្រុកមួយចំនួនជាប់ដងទន្លេមេគង្គក្នុងខេត្តកំពង់ចាមដោយទិញម្ដង ប្រហែល៥០ដើម ទិញមួយដើម៥០០០រៀល ប្រើបានមួយសប្តាហ៍ទើបអស់។របរមួយនេះបានតពីម្ដាយមកកូន មិនតែប៉ុណ្ណោះក៏បានជួយលើកស្ទួយជីវភាពរស់នៅបានសមរម្យដូចគេឯងដែរ។
លោកឡុង សុខុម អាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប បានលើកឡើងថា ពេលដែលគាត់ជូនប្រជាពលរដ្ឋមកទទួលអំណោយនៅក្នុងបរិវេណសាលាស្រុកចំការលើថ្មីៗ គាត់ឃើញក្រឡានដាក់លក់តាមម៉ូតូគាត់ទិញមួយយកមកពិសារ ឃើញថាមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងធ្លាប់ទិញញឹកញាប់ទៀតផង។បើនិយាយពីរសជាតិវិញប្រៀបធៀបនិងតំបន់ផ្សេងទៀតគឺមិនចាញ់គេឡើយ។
លោកញឹម សុភាព មេឃុំល្វាលើមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី២៦សីហា ឆ្នាំ២០២៥ថា អ្នកភូមិរបស់គាត់បានប្រកបរបរដុតក្រឡាននេះលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ ដោយមានចំនួន៥ គ្រួសារ។ ឱ្យតែមានកម្មវិធីជួបជុំឬបុណ្យទានតាមទីវត្តអារាម ក្នុងស្រុកចំការលើគឺអ្នកភូមិនេះតែងតែដឹកតាមម៉ូតូយកទៅលក់ បើនិយាយពីរសជាតិវិញគឺពិតជាឈ្ងុយឆ្ងាញ់មែន។មួយទៀតតាមការកត់សម្គាល់នៅក្នុងស្រុកចំការលើទាំងមូលគឺមានតែឃុំរបស់គាត់ ដែលមានប្រជាពលរដ្ឋប្រកបរបរដុតក្រឡានលក់ហើយរបរមួយនេះបានតពីជីដូនជីតា តមកឪពុកម្ដាយ តមកកូន និយាយរួមគឺបានរក្សានៅរបរនេះតាំងពីយូរមកហើយអាចចូលដល់ខ្ទង់រយឆ្នាំ ៕






ចែករំលែកព័តមាននេះ