បទល្មើសនេសាទដាក់របាំងសាច់អួនក្នុងរដូវបិទនេសាទជាង៤០កន្លែង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទោះបីមានការបង្ក្រាបបទល្មើសមិនបន្ធូរដៃពីសំណាក់យោធា និងមន្ត្រី
ជំនាញយ៉ាងណាក្តី ក៏បទល្មើសនេសាទនៅតែកើតមានឥតឈប់ឈរ និងស្ទើរគ្រប់ទីកន្លែង ក្នុងគ្រាដែលខែនេះ ជារដូវហាមឃាត់ការនេសាទ ព្រោះជារដូវត្រីពងកូន ។

ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៥កន្លងទៅ មានអ្នកសារព័ត៌មានមួយក្រុម បានទៅពិនិត្យស្ថានភាពបទល្មើសនេសាទប្រទះឃើញថា របាំងលបសាច់អួនមានប្រវែងចាប់ពី២០០ម៉ែត្រទៅ ៩០០ម៉ែត្រ ក្រឡាចាប់ពី២ហ៊ុនទៅពី២ហ៊ុនកន្លះ ត្រូវបានដាក់នៅតាមតំបន់មួយចំនួនក្នុងរដូវបិទនេសាទ ក្នុងស្រុកចំនួន២ គឺស្រុកកំពង់លែង និងស្រុកជលគីរី ។

បទល្មើសទាំងនោះមានកើតនៅចំណុចនគរទ្វីប មាន៨របាំង ចំណុចសំរោងសែន មាន១០របាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ។ នៅចំណុចខាងលិចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរីមាន៨របាំង ខាងកើតភូមិក្បាលកន្លង់ មាន១០របាំង ចំណុចកប់ចេះ មាន៦របាំង សរុប៤០របាំង ។
របាំងដែលវែងជាងគេមានមួយខ្សែប្រវែងជិត១ពាន់ម៉ែត្រ មានឡុកចំនួន៦(១ឡុកមានលបពី១ដល់៣) ដែលមានម្ចាស់ឈ្មោះ បូរ៉ា នៅឃុំសំរោងសែន ។ ក្រោយពីបានឃើញបទល្មើសទាំងនោះ ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ដល់មន្ត្រីជំនាញ ហើយមន្ត្រីជំនាញបញ្ជាក់ថា នឹងចុះបង្ក្រាបឲ្យអស់ ។

មន្ត្រីជំនាញក៏បានបញ្ជាក់ដែរថា តាមពិតពួកគាត់ដាក់ម្នាក់បន្តិចៗ ប៉ុន្តែពេលដាក់តគ្នា ទើបឃើញប្រវែងវែងបែបនេះ ។ ទោះជាយ៉ាងណា បទល្មើសនេសាទនៅចំណុចខាងលើ ទោះបីមានការបង្ក្រាបពីសំណាក់មន្ត្រីជំនាញ និងកម្លាំងយោធាក្តី ក៏ក្រោយពីក្រុមសមត្ថកិច្ចទាំងនោះចេញមកវិញ ពួកគេលួចចូលដាក់វិញដដែល ហាក់បីដូចវែកចក ដោយពុំខ្លាចច្បាប់និងទោសទណ្ឌអ្វីឡើយ ។

ប្រជាពលរដ្ឋដែលជាអ្នកនេសាទធម្មតា សំណូមពរដល់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ត្រូវពង្រឹងយន្តការច្បាប់ស្ដីពីជលផលឲ្យបានច្បាស់លាស់ មិនត្រូវឲ្យក្រុមឈ្មួញដែលជំនាញប្រព្រឹត្តបទល្មើសនៅមុខដដែលជាដដែល ដោយមិនចេះរាងចាលនោះទេ ៕







ចែករំលែកព័តមាននេះ