រាជធានីភ្នំពេញ ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនារសៀលថ្ងៃទី២៦ ខែសីហានេះថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជូនសាធារជនពិចារណា ៖
១- អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។
ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុមបានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?»
សូមពិនិត្យ និងពិចារណា៖

-ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ពីម៉ោង១២:00យប់ ដល់ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់
-ជាក់ស្តែងការប៉ះទង្គិចរវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង២:២០នាទីរសៀល ជាមួយគ្នានោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង ។

តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា???
២- បើសិនថតរូបភាព និងវិឌីអូ កន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជន ដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន ។
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ៖ តាំងពីថ្ងៃទី២៨ កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង ។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថា កងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព ។
សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល ។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត ។

សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត ៕
ចែករំលែកព័តមាននេះ