ខេត្តសៀមរាប ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដឹកជញ្ជូនវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកប្រគល់មណ្ឌលប្រឡងខេត្តសៀមរាបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់ ។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្សាយនាថ្ងៃទី២៥ ខែសីហានេះ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តក៏ដូចជា បានពាំនាំប្រសាសន៍ថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ជូនដល់ថ្នាក់ដឹកនាំខេត្ត ដែលបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំង នៅក្នុងការងារធានាដំណើរការប្រឡងនាពេលប៉ុន្មានថ្ងៃខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ព្រមទាំងតម្លាភាព ។

ឯកឧត្តម សោម រតនា ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការប្រឡងឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅដោយក្រសួងបានរៀបចំការប្រឡង ដោយបែងចែកបេក្ខជនទៅតាមតំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងដូចជា មណ្ឌលប្រឡងនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះ ដូច្នេះក្រសួងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជាមានយើងកំពុងមានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ ។

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
ជាការឆ្លើយតប លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្ត សូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងអប់រំនៅក្នុងជំនួបនាឱកាសនេះ ។

លោកជំទាវ បានលើកឡើងថា នេះជាមោទនភាពដែលខេត្តសៀមរាប បានចូលរួមចំណែកនៅក្នុងយន្តការធានាប្រសិទ្ធិភាពនៃការប្រឡងនាពេលកន្លងមកជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញចុះមកត្រួតពិនិត្យដំណើរការប្រឡង រួមទាំងភាគីពាក់ព័ន្ធដែលបានផ្ដល់ការសហការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ និងក្នុងឆ្នាំ២០២៥នេះផងដែរ ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប១៤៦៧២០នាក់ ស្រី៨១៤៤២នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤០៦៧៨នាក់ ស្រី២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១០៦ ០៤២នាក់ ស្រី៥៦៩២៣នាក់ ៕


ចែករំលែកព័តមាននេះ