ព្យុះកាជិគិដ៏ខ្លាំងក្លានឹងធ្វើដំណើរទៅលេងប្រទេសថៃ ដោយគ្មានការអញ្ជើញរយៈពេល៤ថ្ងៃ
ថៃ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីថៃស្តីទី ក្នុងនាមជាមេបញ្ជាការការពារ…
ថៃ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីថៃស្តីទី ក្នុងនាមជាមេបញ្ជាការការពារ…
ថៃ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីថៃស្តីទី ក្នុងនាមជាមេបញ្ជាការការពារ និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានចេញបទបញ្ជារពិសេស ដើម្បីត្រៀមស្វាគមន៍វត្តមានរបស់ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមហិមា ឈ្មោះថា «កាជិគិ (KAJIKI)» ដែលនឹងធ្វើដំណើរមកលេងប្រទេសថៃ ដោយគ្មានការអញ្ជើញ ។
យោងតាមនាយកដ្ឋានបង្ហារ និងកាត់បន្ថយគ្រោះមហន្តរាយ នាយកដ្ឋានឧតុនិយម រួមនឹងស្ថាប័នពាក់ព័ន្ធនានាបានវាយតម្លៃរួមគ្នាថា ព្យុះស៊ីក្លូន កាជិគិ (KAJIKI) នឹងបោកបក់ធ្វើឱ្យប្រទេសថៃ មានភ្លៀងធ្លាក់ ឈានដល់កម្រិតខ្លាំងក្លាបំផុត នៅតាមតំបន់ជាច្រើនទាំងភាគឦសានខាងលើ ភាគខាងជើង ភាគកណ្តាល ភាគខាងកើត និងភាគខាងលិចនៃភាគខាងត្បូង រួមទាំងរាជធានីបាងកក និងតំបន់ជុំវិញ ក្នុងអំឡុងចាប់ពីថ្ងៃទី២៤ ដល់២៧ ខែសីហា ។
នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងថា លោកបានបញ្ជាទៅអភិបាលខេត្ត ទាំង៧៦ រួមទាំងរាជធានីបាងកកឱ្យសម្របសម្រួលការងារ និងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងជាប់លាប់ជាមួយ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយដែលនឹងបង្កើត មជ្ឈមណ្ឌលប្រតិបត្តិការ War room រួមគ្នាជាមួយគ្រប់ខេត្ត ដើម្បីវាយតម្លៃស្ថានភាព ។
ប្រសិនបើមានការវាយតម្លៃឃើញថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរនៅតំបន់ណាមួយ អភិបាលខេត្តនីមួយៗ ក្នុងនាមជាប្រធានគណបញ្ជាការខេត្តត្រូវបញ្ជាទៅអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវអនុវត្តតាមផែនការឆ្លើយតបបន្ទាន់ ដែលបានត្រួតពិនិត្យ និងហ្វឹកហាត់ជាបន្តបន្ទាប់នាពេលកន្លងមក ។
ការអនុវត្តនេះ រួមបញ្ចូលទាំងការជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់សុវត្ថិភាព ការផ្តល់អាហារ និងកត្តាចាំបាច់ទាំងបួន ។ ចំពោះតំបន់ដែលតែងតែជួបគ្រោះទឹកជំនន់ដដែលៗ ត្រូវត្រៀមលក្ខណៈដូចជា ការជីកស្តារ និងបោសសម្អាតឧបសគ្គដែលរារាំងផ្លូវទឹក ។ ចំពោះតំបន់ដែលមានការដំឡើងស្លាកបដាផ្សាយពាណិជ្ជកម្មធំៗខ្ពស់ៗ ត្រូវសម្របសម្រួលជាមួយម្ចាស់ ដើម្បីត្រួតពិនិត្យលើភាពរឹងមាំ ។ ប្រសិនបើមានហានិភ័យអាចបង្កផលប៉ះពាល់ និងការខូចខាតដល់ប្រជាជន ត្រូវរុះរើជាបន្ទាន់ ។
នាយករដ្ឋមន្ត្រីថៃស្តីទី បានបន្តថា បន្ថែមពីនេះ បើមានភ្លៀងធ្លាក់ខ្លាំង ឬភ្លៀងធ្លាក់ជាប់គ្នាច្រើន អាចបណ្ដាលឱ្យមានទឹកជំនន់ភ្លាមៗ និងទឹកព្រៃហូរច្រោះ ជាពិសេសនៅតំបន់ជម្រាលភ្នំក្បែរផ្លូវទឹកហូរកាត់ និងតំបន់ទំនាប ។ ត្រូវសម្របសម្រួលជាមួយ មេឃុំ មេភូមិ ឱ្យផ្សព្វផ្សាយព័ត៌មានតាមរយៈឧបករណ៍បំពងសម្លេង និងគ្រប់បណ្តាញទំនាក់ទំនងរបស់ភូមិ/សហគមន៍ ដើម្បីឱ្យប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ។
នាយករដ្ឋមន្ត្រីថៃស្តីទី ក៏បានថ្លែងទៀតថា ចំពោះខេត្តដែលមានតំបន់ជាប់នឹងសមុទ្រទាំងនៅឆ្នេរសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ត្រូវតាមដានស្ថានភាពយ៉ាងជាប់ដិតដល់ ។ ប្រសិនបើឃើញមានរលកខ្ពស់ ត្រូវអនុវត្តតាមផែនការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ ដូចជា ការបក់ទង់សញ្ញាហាមមិនឱ្យអ្នកទេសចរ ឬប្រជាជនលេងទឹក ការពិចារណាលើការផ្អាកការធ្វើដំណើរតាមសមុទ្រ ទាំងកប៉ាល់ដឹកអ្នកដំណើរ និងទូកនេសាទ ។
ប្រសិនបើស្ថានភាពមាននិន្នាការធ្ងន់ធ្ងរ ហើយឃើញមានកប៉ាល់បានចេញពីច្រាំងហើយ ត្រូវសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីនាំកប៉ាល់ត្រឡប់ចូលកន្លែងសុវត្ថិភាព ។ អ្វីដែលគួរកត់សម្គាល់ថែមទៀត បើតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ ស្តីពីស្ថានភាពព្យុះ «Kajik» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ព្យុះនេះមានទំនោរចុះខ្សោយទៅជាវិសម្ពាធទាបដ៏ខ្លាំងក្លាមួយហើយនឹងធ្វើដំណើរមកដល់ខេត្តណាន ប្រទេសថៃ នៅល្ងាចថ្ងៃទី២៦ ខែសីហា៕
ចែករំលែកព័តមាននេះ