ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីស្រីៗចាញ់បោកប្រុសស្អាតក្លែង​ក្លាយ !

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​ដាស់តឿន​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នៅ​ក្នុង​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក នៅ​ថ្ងៃ​២៣…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​ដាស់តឿន​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នៅ​ក្នុង​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក នៅ​ថ្ងៃ​២៣ ខែសីហា ឆ្នាំ​២០២៥ ។

រឿង​ថ្មី​នៃ​មេរៀន​ចាស់

មេរៀន​ចាស់​ដដែល​ៗ ដែល​ឧស្សាហ៍​កើត​មាន​ក្នុង​សង្គម​ហ្វេ​សបុ​៊​ក​នា​ពេល​បច្ចុប្បន្ន គឺ​មានបុគ្គល​ទុ​ច្ចរិច​មួយ​ចំនួន បាន​យក​រូបភាព​អ្នក​ដទៃ​ដែល​ស្អាត​សង្ហា មក​បង្កើត​ជា​គណនី​ហ្វេ​សបុ​៊​ក​ក្លែងបន្លំ​មួយ ហើយ​ឆាត​ទំនាក់ទំនង​ជាមួយមនុស្ស​ស្រី​ជា​ច្រើន​គ្នា ។ ពេល​មាន​អ្នកឆ្លើយឆ្លង ក៏​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ហៅ​គ្នា​ប្រពន្ធ​សម្លាញ់ ប្តី​សម្លាញ់​ពេញ​ៗ​មាត់ និង​ពេល​ខ្លះ​សុំ​ជួប​ក្រុម​គ្រួសារ ដោយ​សន្យា​ចូល​ស្តីដណ្តឹង​តាម​ច្បាប់ និង​ពេល​ខ្លះ​បាន​កំណត់​ថ្ងៃ​ភ្ជាប់ពាក្យ​ផង​ដែរ ។ បន្ទាប់​ពី​នារី​រង​គ្រោះ​ជឿ​លង់​ស៊ប់​ហើយ ជនសង្ស័យ​ក៏​ចាប់ផ្តើម​បោក​បញ្ឆោត​ល្បួង​ឲ្យ​ថតរូប​អាក្រាត បង្ហាញ​ដល់​ជនសង្ស័យ ដោយ​សំអាង​ថា គង់​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​ឆាប់​ៗ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ភ្លេច​គិត ដ្បិត​យល់ថា​ស្និទ្ធស្នាល​ខ្លាំង ផ្អែមល្ហែម​ខ្លាំង ធ្វើ​ឲ្យ​ស្រឡាញ់ខ្លាំង ក៏​ព្រម​បើក​បង្ហាញ ។

ក្រោយ​ពី​មាន​រូប​អាក្រាត​ជន​រង​គ្រោះ ជនសង្ស័យ​ក៏​ចាប់ផ្តើម​ប្រើ​ល្បិច​សុំ​ខ្ចី​លុយ​ដោយ​ប្រាប់​ថា ខ្លួន​មាន​បញ្ហា​ក្នុង​មុខរបរ ឬ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មាន​បញ្ហា​ខុសច្បាប់ផ្សេង​ៗ រហូត​ជន​រង​គ្រោះ​អស់​លុយ​ឲ្យ​ខ្ចី ឬ​ដឹងខ្លួន​មិន​ព្រម​ឲ្យ​លុយ​ទៅ​ជនសង្ស័យ​ខ្ចី ទើប​ជនសង្ស័យ​យក​រូប​អាក្រាត​មក​គំរាម​ទារប្រាក់​តែ​ម្តង ។

ស្តាប់​ទៅ​ហាក់ដូច​ថា ជន​រង​គ្រោះ​ឆោតល្ងង់ តែ​ជាក់ស្តែង​មនុស្ស​យើង​ពេល​លង់​លើ​អ្វីមួយ​ហើយ គឺ​តែង​ទុកចិត្ត​ភ្លេច​គិតពិចារណា មិន​ថា​យើង​មិន​ថា​គេ ព្រោះ​ករណី​ទាំងនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ទទួល​បណ្តឹង ធ្វើការ​បង្ក្រាប និង​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​មក​ហើយ ដោយ​មាន​អ្នកខ្លះ​រង​គ្រោះ​អស់​ខ្ទង់ពាន់​ដុល្លារ អ្នកខ្លះ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ និង​មាន​អ្នក​អស់​ដល់​ខ្ទង់សែន​ដុល្លារ​ផង​ដែរ ។

រឿង​ថ្មី គឺ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្ដឹង​ពីនារី​ម្នាក់ ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​គណនីហ្វេ​សបុ​៊​កមួយ​ឈ្មោះ ចាន់ ពិសិដ្ឋ ពី​បទ​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ។ នារី​រង​គ្រោះ​បាន​រៀបរាប់​ថា គណនី​ហ្វេ​សបុ​៊​ក​ខាងលើ បាន​ទំនាក់ទំនង​មក​សុំ​ស្នេហ៍​ខ្លួន ដោយប្រើ​ពាក្យ​សម្ដី​ផ្អែមល្ហែម លួងលោម​រហូត​ខ្លួន​លង់​ចិត្ត​ស្រឡាញ់ ហ៊ាន Call Live Video Facebook អាក្រាត​កាយ​ឲ្យ​ជនសង្ស័យ​មើល តែ​មិន​នឹក​ស្មានថា ជនសង្ស័យ​បាន​លួច​ថតចម្លង​វី​ដេ​អូ​នោះ​ទុក ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ ជនសង្ស័យ​បាន​ភូត​កុហក​ថា រថយន្ត​របស់​គេ​ដឹកឈើ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តរតនគិរី​ឃាត់​ទុក ហើយ​បើសិន​ចង់​ដោះស្រាយ​ត្រូវ​មានលុយ ១៥ ០០០​ដុល្លារ តែ​គេ​ថា គេ​មាន​លុយ​នៅ​នឹង​ខ្លួន​ចំនួន​តែ ១០ ០០០​ដុល្លារ ខ្វះ​៥ ០០០​ដុល្លារ​ទៀត ចង់​ខ្ចី​ពី​ខ្លួន ដើម្បី​យក​ទៅលោះ​រថយន្ត​មក​វិញ ។ ពេល​សុំ​ខ្ចី​មិន​បាន ស្រាប់តែ​ជនសង្ស័យ​គំរាម​ថា គេ​មាន​វី​ដេ​អូ​អាក្រាត​របស់​ខ្លួន បើសិនជា​មិន​ព្រម​ប្រគល់​លុយ​តាម​លក្ខខណ្ឌ​របស់​គេ​ទេ គេ​នឹង​យក​វី​ដេ​អូ​អាក្រាត​នោះ​ទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​មិនខាន​។

ដោយ​មានការ​ភ័យ​ខ្លាច ខ្លួន​ក៏​បាន​សុំ​ចរចា រហូត​ដល់​ត្រូវ​គ្នា​ចំនួន ១ ០០០​ដុល្លារ ដោយ​ជន​សង្ស័យ​ឱ្យ​ផ្ញើ​តាម​ទ្រូ​ម៉ា​នី ។ បន្ទាប់​ពី​ផ្ញើ​លុយ​រួច ជនសង្ស័យ​នៅ​តែ​បន្ត​គំរាម ឲ្យ​ផ្ញើ​ថែម​ចំនួន ១ ០០០​ដុល្លារ​ទៀត ទើប​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្ដង ។ក្រោយ​ពី​ទទួល​បាន​បណ្ដឹង កម្លាំង​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កង​រាជ​អាវុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​រក​ឃើញ​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បោក​បញ្ឆោត និង​គំរាមកំហែង​ជន​រង​គ្រោះ មាន​តម្រុយ​ចេញពី​ទីតាំង​ខេត្តស្ទឹងត្រែង ។ ដូច្នេះ​កម្លាំង​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹង​ត្រែង ស្រាវជ្រាវ​ស្វែងរក​ឃើញ​បក្ខពួក​របស់​ជនសង្ស័យ ដែល​ទៅ​ដក​ប្រាក់​មាន​ចំនួន​៣​នាក់ រួម​មាន ៖

១-​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ។

២-​ឈ្មោះ ឡេ​ន ធី​ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ។

៣-​ឈ្មោះ ស៊ី វី​ឡែ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

បន្ទាប់​ពី​សួរ​ចម្លើយ បក្ខពួក​ជនសង្ស័យ​ទាំង៣​នាក់​នេះ​រួច​មក សមត្ថកិច្ច​អាវុធហត្ថ​បាន​រកឃើញ​ជនសង្ស័យ និង​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​៣នាក់​ទៀត គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​សុទ្ធតែ​ជា​ទណ្ឌិត កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​នោះ​គឺ ៖

១-​ទណ្ឌិត​ឈ្មោះ ជាង ខេ​ង​លី មានទោស​ជាប់គុក​៣​ឆ្នាំ ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន (​អ្នក​បង្កើត​គណនី​ក្លែងបន្លំ និង​ជា​អ្នក​ទំនាក់ទំនង​លួងលោម​បោក​បញ្ឆោត​គំរាម​ទារប្រាក់​ជន​រង​គ្រោះ​ផ្ទាល់​) ។

២-​ទណ្ឌិត​ឈ្មោះ ស្រេ​ន ឡា​ង មានទោស​ជាប់គុក​១៣​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​(​ជា​ប្តី​របស់​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ និង​ជា​អ្នក​ផ្តល់​ទូរស័ព្ទ​ឲ្យ ជាង ខេ​ង​លី យក​ទៅ​ធ្វើ​សកម្មភាព​) ។

៣-​ទណ្ឌិត​ឈ្មោះ ហេង សៀវ​ត្រា មានទោស​ជាប់គុក​៣​ឆ្នាំ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន (​ជា​អ្នក​ជួយ​លាក់​ទូរស័ព្ទ លាក់​ស៊ី​ម ក្នុង​ពន្ធនាគារ​ទុក​ឲ្យ ជាង ខេ​ង​លី យក​ទៅ​ធ្វើ​សកម្មភាព​) ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​និង​បក្ខពួក កំពុង​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បន្ត​នីតិវិធី ។សង្ឃឹមថា រឿង​ថ្មី​នៃ​មេរៀន​ចាស់​នេះ នឹង​ក្លាយជា​បទ​ពិសោធ​បន្ថែម​ដល់​មហាជន​ឲ្យ​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ផង​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ