ទីក្រុងព្យុងយ៉ាង៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានផ្ដល់គ្រឿងឥស្សរិយយសបច្ឆាមរណៈជូនអតីតយុទ្ធជន (កូរ៉េខាងជើង) ដែលបានពលីជីវិតនៅក្នុងសង្គ្រាមនៅពេលពួកគេទៅជួយច្បាំងរុស្ស៊ីនៅតំបន់ខឺស (Kursk)។ លោកគីមចាត់ទុកអ្នកទាំងនោះជាវីរៈយុទ្ធជន។ លោកក៏បានបំពាក់គ្រឿងឥស្សរិយយសជូនយុទ្ធជនដែលនៅរស់ និងដែលបានវិលត្រឡប់ទៅកាន់មាតុភូមិវិញផងដែរ។ លោកថែមទាំងជួយលួងចិត្តកូនៗរបស់គ្រួសារពលីដោយការឱបរឹតពួកគេនៅក្នុងសេចក្ដីអាណិត។

ទូរទស្សន៍កូរ៉េខាងជើងខេស៊ីអឹនអែ (KCNA) បានដកស្រង់ពាក្យសម្ដីរបស់លោកគីមមកផ្សាយថាការបញ្ជូនកងទ័ពរបស់យើងទៅបំពេញបេសកកម្មនៅក្រៅប្រទេសលើកនេះពិតជាមិនខុសទេព្រោះពួកគេបានបង្ហាញវីរៈភាពអង់អាចក្លាហានសម្បើមណាស់។ ការរំដោះបានតំបន់ខឺសត្រឡប់មកវិញជាការបង្ហាញពីស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាន។

នៅចំពោះមុខផ្លាកព្រលឹងដែលចារឈ្មោះយុទ្ធជនពលីទាំងនោះ លោកគីមឈរឱបកូនៗរបស់ពួកគេដោយសម្រក់ទឹកភ្នែករហាម។ លោកគីមរួមជាមួយមេទ័ពរបស់គាត់បានចូលរួមពិធីអបអរសាទរការវិលត្រឡប់របស់ទាហានកូរ៉េខាងជើងពីការបំពេញបេសកកម្មនៅរុស្ស៊ី។ លោកក៏បានចូលរួមពិធីលៀងសាយភោជន៍ជាមួយក្រុមគ្រួសារយុទ្ធជនពលីផងដែរ។ ទូរទស្សន៍កូរ៉េខាងជើងផ្សាយថាលោកគីមបានកោតសរសើរចំពោះការបំពេញបេសកកម្មដ៏ជោគជ័យលើកនេះ។

នៅក្នុងចំណោមទ័ពកូរ៉េខាងជើងសរុប១,៥នាក់ដែលញ្ជូនទៅរុស្ស៊ី ទ័ព៦រយនាក់បានពលីជីវិតនៅពេលប្រយុទ្ធទល់នឹងទាហានអ៊ុយក្រែន។ នេះបើយោងតាមក្រុមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងដែលប្រមូលទិន្នន័យពីភ្នាក់ងារសម្ងាត់របស់ខ្លួន និងរាយការណ៍កាលពីខែមេសា។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ