អាមេរិក-សហភាពអឺរ៉ុប ៖ យោងតាមសេចក្ដីប្រកាសរួមមួយចេញផ្សាយ កាលពីថ្ងៃទី២១ សីហា ដោយសហភាពអឹរ៉ុប និងសហរដ្ឋអាមេរិកថា រថយន្តនិងបណ្ដាផលិតផលឱសថអឺរ៉ុបនឹងត្រូវបង់ពន្ធត្រឹម១៥% ពេលនាំចូលអាមេរិក ហើយផលិតផលស្រាក៏ត្រូវបង់ពន្ធ១៥%ដែរ ដោយគ្មានការលើកលែងពន្ធណាមួយឡើយ ។
នាយស្នងការពាណិជ្ជកម្មអឺរ៉ុបលោកម៉ារូហ្វសេហ្វកូ នៅក្រុងព្រុចសែល បានសម្ដែងការសោកស្ដាយថា យើងមិនអាចសម្រេចបានការលើកលែងពន្ធលើស្រាទេ តែការពិភាក្សានៅបន្តទៀតនិងថាទ្វារមិនទាន់បិទនៅឡើយ។ លោកថា ពិតជាសោកស្ដាយដែលយើងមិនអាចធ្វើឲ្យសម្រេចតាមការសន្យាសម្រាប់វិស័យនោះ ។
ការលើកលែងពន្ធ១៥%លើស្រាជាការទទូចពិសេសរបស់បារាំងនិងអ៊ីតាលី ។ បារាំងជាអ្នកនាំស្រាចូលអាមេរិកដល់ទៅ២៥% ។ ចំពោះការយកពន្ធស្រានាំចូលអាមេរិកដល់១៥%ដែរ សហព័ន្ធអ្នកនាំចេញស្រាបារាំងសម្ដែងការខកចិត្តខ្លាំងណាស់ ដោយព្យាករណ៍ពីការលំបាកដ៏ធំនានាក្នុងវិស័យនេះ ។ មុនការចូលកាន់តំណែងរបស់លោកដូណាល់ត្រាំ ការបង់ពន្ធលើបណ្ដាផលិតផលអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក មានក្នុងរង្វង់៤,៨%ប៉ុណ្ណោះ។
ទាក់ទិននឹងកាលបរិច្ឆេទនៃការអនុវត្តពន្ធ១៥% លើរថយន្តទល់នឹង២៧,៥%នាពេលនេះ អាចគិតរាប់ពីថ្ងៃទី១សីហាមក។ តែតាមសេចក្ដីប្រកាសរួមថាពន្ធ១៥% នឹងចូលជាធរមានក្រោយពេលសហភាពអឹរ៉ុបកំណត់រួចរាល់ការកាត់បន្ថយពន្ធរបស់ខ្លួន លើផលិតផលនាំចូលមកពីអាមេរិក៕
ចែករំលែកព័តមាននេះ