ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​ពូទីន​ត្រៀម​ជួប​ហ្សេឡិនស្គី​ជា​និច្ច​,សំខាន់​ត្រូវ​កាន់​អំណាច​ដោយ​ស្រប​ច្បាប់

2 នាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ត្រៀម​ខ្លួន​ជួប​គ្នា​កម្រិត​កំពូល​ជា​មួយ​​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ ជា​និច្ច​។ សំខាន់​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ជា​មុន​សិន ហើយ​ម៉្យាង​ទៀត​រុស្ស៊ី​ដាក់​ជា​សំណួរ​ថា​តើ​លោក​ហ្សេឡិន​ស្គី​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែរ​ឬ​ទេ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ូស (Lavrov)​។ លោក​ពូទីន…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ត្រៀម​ខ្លួន​ជួប​គ្នា​កម្រិត​កំពូល​ជា​មួយ​​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ ជា​និច្ច​។ សំខាន់​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ជា​មុន​សិន ហើយ​ម៉្យាង​ទៀត​រុស្ស៊ី​ដាក់​ជា​សំណួរ​ថា​តើ​លោក​ហ្សេឡិន​ស្គី​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែរ​ឬ​ទេ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវ​រ៉ូស (Lavrov)​។

លោក​ពូទីន និង​លោ​កត្រាំ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​អាឡាស់​ស្កា​ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម​។ ក្រោយ​​ជំនួប​កំ​ពូល​នោះ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​បាន​រួម​ដំណើរ​ជា​មួយ​លោក​ហ្សេឡិនស្គី​ទៅ​ជួប​លោក​ត្រាំ​នៅ​វ៉ាស៊ីនតោន​ដើម្បី​ចង់​ដឹង​អំពី​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​។ កំពុង​និយាយ​គ្នា​សុខ​ៗ លោក​ត្រាំ និង​លោក​ពូទីន​ក៏​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​។ លោក​ពូទីន​សន្យា​ថា​នឹង​ជួប​គ្នា​កម្រិត​កំពូល​ជា​មួយ​លោក​ហ្សេឡិនស្គី​នា​ពេល​ឆាប់​ៗ​​នេះ​។​

ចំពោះ​សំណួរ​ថា​តើ​លោក​ពូទីន​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដើម្បី​ជួប​លោក​ហ្សេ​ឡិនស្គី​ដែរ​ឬ​ទេ​? លោក​ឡាវ​រ៉ូស​ឆ្លើយ​តប​ថា​លោក​ពូទីន​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ហើយ​ថា​លោក​ត្រៀម​ខ្លួន​ជួប​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ជា​និច្ច​រួម​ទាំង​លោក​ហ្សេឡិន​ស្គី​ផង​ដែរ​។ ប៉ុន្តែ​លោក​ឡាវ​រ៉ូស​ឆ្លៀត​និយាយ​​អំពី​លក្ខន្តិ​កៈ​មួយ​​។​ នោះ​គឺ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​កម្រិត​ខ្ពស់​បំផុត​​ ហើយ​អ្នក​ជំនាញ​ និង​រដ្ឋ​មន្ត្រី​ត្រៀម​អនុ​វត្ត​ទៅ​តាម​អនុ​សាសន៍​ដ៏​សម​ស្រប​។

គួរ​កត់​សម្គាល់​ថា​កាល​ពី​ពេល​កន្លង​មក​ លោក​ពូទីន​ឧស្សាហ៍​ដាក់​ជា​សំណួរ​ដដែល​ៗ​​ថា​តើ​លោ​ហ្សេឡិនស្គី​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​ស្រប​ច្បាប់​ដែរ​ឬ​ទេ​? ​គាត់​ត្រូវ​ចប់​អាណត្តិ​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២៤​ ហើយ​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​។ ប៉ុន្តែ​ជាក់​ស្ដែង​ លោក​ហ្សេ​ឡិន​ស្គី​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​ និង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​រហូត​ដល់​សព្វ​ថ្ងៃ​។ រដ្ឋាភិបាល​ទី​ក្រុង​កៀវ​អះ​អាង​ថា​លោក​ហ្សេ​ឡិន​ស្គី​​ជា​មេ​ដឹក​នាំ​ស្រប​ច្បាប់​។ អឺរ៉ុប​ក៏​អះអាង​ដូច្នេះ​ដែរ​។​

មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​​​បារម្ភ​ថា​​កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ហ្សេឡិន​ស្គី​អាច​នឹង​គ្មាន​តម្លៃ​។ ឧប​មា​ថា​​​​​​លោក​ហ្សេឡិនស្គី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​រុស្ស៊ី​-​អ៊ុយ​ក្រែន​ ស្រាប់​តែមេ​ដឹក​នាំ​អ៊ុយ​ក្រែន​ជំនាន់​ក្រោយ​ៗ​ទៀត​ប្រកាស​ឈប់​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​នោះ​វិញ​ដោយ​លើក​ហេតុ​ផល​ថា​​អាណត្តិ​ដឹក​នាំ​របស់​លោក​ហ្សេឡិនស្គី​បាន​ផុត​សុពល​ភាព​តាំង​ពី​មុន​ចុះ​ហត្ថ​លេខា​នោះ​ទៅ​ទៀត​។

​លោក​ហ្សេ​ឡិន​ស្គី​ចង់​ឃើញ​​ទី​ក្រុង​វ៉ា​ស៊ីន​តោន​បញ្ចេញ​ប្រតិ​កម្ម​​ឱ្យ​បាន​ខ្លាំង​ក្លា​បើ​លោក​ពូទីន​​មិន​ព្រម​ធ្វើ​ដូច​ការ​សន្យា​ (ជួប​គ្នា​កម្រិត​កំពូល​ពូទីន-​ហ្សេឡិន​ស្គី​)។ ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប​គិត​ថា​លោក​ពូទីន​មិន​ប្រាកដ​ជា​ចង់​បញ្ចប់​សង្គ្រាម​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​ពួក​គេ​ចង់​​ធ្វើ​ឱ្យ​ប្រាកដ​ថា​នៅ​ក្នុង​​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​នោះ​ត្រូវ​តែ​មាន​ចំណុច​មួយ​និយាយ​អំពី​ការ​​ធានា​សន្តិ​សុខ​របស់​អ៊ុយ​ក្រែន​​។​ បើ​អាមេរិក​មិន​បាន​ចូល​រួម​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​ យ៉ាង​ហោច​ណាស់​ក៏​គួរ​ចូល​រួម​ឱ្យ​បាន​បន្តិច​បន្តួច​ក៏​អស់​ចិត្ត​ដែរ​។

ទោះ​បី​អឺរ៉ុប​បង្ហាញ​ថា​ខ្លួន​ចង់​បាន​សន្តិ​ភាព ប៉ុន្តែ​លោក​ឡាវ​រ៉ូស​ដាក់​ជា​ចម្ងល់​​​ថា​ប្រហែល​ជា​អឺរ៉ុប​ទៅ​វិញ​ទេ​ដឹង​ដែល​មិន​ចង់​បាន​សន្តិ​ភាព​? យោង​តាម​លោក​ឡាវ​រ៉ូស គេ​អាច​មើល​ឃើញ​ច្បាស់​ណាស់​ថា​ទាំង​អ៊ុយក្រែន និង​អឺរ៉ុប​មិន​ចង់​បាន​សន្តិ​ភាព​ទេ​។ លោក​ចោទ​ប្រកាន់​ថា​ក្រុម​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​​ដែល​មាន​​អង់​គ្លេស​ បារាំង អាល្លឺម៉ង់​ និង​អ៊ីតាលី​កំពុង​ព្យាយាម​យក​ជើង​រា​ទឹក​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ