ទីក្រុងរ៉ង់ហ្គូន៖ គម្រោងរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាដែលថានឹងរៀបចំនៅខែធ្នូ ឆ្នាំ២០២៥នេះត្រូវរដ្ឋាភិបាលយោធាប្រកាសលម្អិតនៅថ្ងៃនេះហើយ។ ការបោះឆ្នោតដំណាក់កាលទី១នឹងរៀបចំឡើងនៅលើទឹកដី១/៣ (ឬ៧៥%)នៃផ្ទៃប្រទេស។ ដូច្នេះ ការបោះឆ្នោតនៅតែធ្វើឡើងជាធម្មតាទោះបីប្រទេសជាតិកំពុងមានសង្គ្រាមផ្ទៃក្នុងយ៉ាងណាក្ដី។
រដ្ឋាភិបាលយោធាទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុនថាការបោះឆ្នោតដំណាក់កាលទី១នឹងរៀបចំនៅថ្ងៃទី២៨ ខែធ្នូ។ ប៉ុន្តែទឹកដីដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាក៏មានច្រើនផងដែរ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលយោធាមិនដែលបានប្រកាសរៀបចំការបោះឆ្នោតដ៏ពេញលេញនៅឡើយទេ។
សម្រាប់ដំណាក់កាលទី១ ការបោះឆ្នោតនឹងរៀបចំនៅក្នុង១០២មណ្ឌលនៃឃុំចំនួន៣៣០។ ស្រុកទាំងនោះក៏បូកបញ្ចូលតំបន់ទាំងអស់នៅជុំវិញរដ្ឋធានីណៃពិដោរ និងតំបន់៧៥%នៃទីក្រុងរ៉ង់ហ្គូនដែលមានប្រជាជនរស់នៅ៧លាននាក់។ ណៃពិដោរថ្វីដ្បិតជារដ្ឋធានីក៏ពិតមែន ប៉ុន្តែជាទីក្រុងតូចតែប៉ុណ្ណោះ។ រ៉ង់ហ្គូនទើបជាទីក្រុងធំជាងគេរបស់មីយ៉ាន់ម៉ា។
សេចក្ដីប្រកាសដែលផ្សព្វផ្សាយតាមសារព័ត៌មានក្លូបល ញូ ឡាយ អូហ្វមីយ៉ាន់ម៉ា (Global New Light of Myanmar) បង្កាញថាទីតាំងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ឬទីតាំងកំពុងប្រទាញប្រទង់គ្នាប្រហែលជាមិនសូវមានមណ្ឌលបោះឆ្នោតនោះទេ។ រដ្ឋរ៉ាក់ខាញខាងលិច (Western Rakhine) ដែលគ្រប់គ្រងសឹងតែផ្ដាច់មុខដោយចលនាប្រដាប់អាវុធអារ៉ាខាន់ (Arakan) នឹងរៀបចំការបោះឆ្នោតត្រឹមតែ១៧ឃុំប៉ុណ្ណោះ។
តំបន់សាហ្កាំងខាងជើង (Northern Sagaing) ដែលជាមូលដ្ឋានរបស់ក្រុមគាំទ្រប្រជាធិបតេយ្យនោះនឹងរៀបចំការបោះឆ្នោតប្រហែល៧៥%។ ចំពោះការបោះឆ្នោតដំណាក់កាលបន្តបន្ទាប់ទៀតមិនទាន់ត្រូវបានរដ្ឋាភិបាលយោធាប្រកាសឱ្យដឹងនៅឡើយទេ។ ក្រឡេកទៅមើលស្ថានការណ៍សឹកវិញម្ដង រដ្ឋាភិបាលប្រកាសថាកងទ័ពរបស់ខ្លួនអាចវាយដណ្ដើមបានទឹកដីមួយចំនួនមកវិញ។ រដ្ឋាភិបាលក៏ទើបតែចេញច្បាប់ថ្មីដាក់ពន្ធនាគាររហូតដល់ដប់ឆ្នាំចំពោះអ្នកដែលហ៊ាននិយាយរិះគន់ការបោះឆ្នោត ឬហែបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោត៕
ចែករំលែកព័តមាននេះ