រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ពីបញ្ហាវិវឌ្ឍថ្មី នៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបណ្ដាអង្គទូតចំនួន៤២ និងបណ្ដាតំណាងអង្គការសហប្រជាជាតិ ចំនួន២២ ប្រចាំនៅកម្ពុជា ពីជំហរការគោរពបទឈប់បាញ់ ។
តែយ៉ាងណាក្តី ទោះបីជាភាគីកម្ពុជា បានបញ្ជាក់ជំហរម្ដងហើយ ម្ដងទៀត ពីការគោរពដ៏ឈប់បាញ់យ៉ាង ក៏ភាគីថៃ សង្កេតឃើញថា នៅតែមិនគោរពតាមកិច្ចព្រមព្រៀងនោះទេ ។
ទាក់ទិកករណីនេះ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ដើម្បីជម្រាបជូនពីការវិវត្តថ្មីៗ នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស ចំនួន៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពមីននៅប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអះអាងសារជាថ្មីថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ នូវអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០២៥ ផងដែរ ៕








ចែករំលែកព័តមាននេះ