រាជធានីភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ រួមទាំងខេត្តសៀមរាប និងខេត្តកំពង់ធំ ។
យោងតាមលិខិតក្រសួងមហាផ្ទៃ បានឲ្យដឹងថា សូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ជ្រាបថា កន្លងមកក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយាន គ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ សម្រាប់រយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ភាគីថៃ នៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃ ចូលរំលោភបំពានដែនអធិបតយ្យ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹង ករណីនេះ ក្រសួងមហាផ្ទៃសម្រេច បន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធទាំង៩ ខាងលើ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី ដើម្បីពង្រឹង និងលើកកម្ពស់ការគ្រប់គ្រង និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែកព័តមាននេះ