រាជធានីភ្នំពេញ ៖ អាជីវករ២នាក់ប្ដីប្រពន្ធ ឆ្លៀតពេលទំនេរពីការលក់ដូរ បាននាំគ្នាជិះរថយន្ត១គ្រឿង ដឹកកូន ដើរលម្ហែកាយ និងទៅស្ទូចត្រីលេងនៅចំណុចស្រះទឹកមួយកន្លែង ខណៈនោះមានចោរស្ទាវម្នាក់ ជិះម៉ូតូ១គ្រឿង ទៅឈប់ចម្ងាយប្រមាណជិត១០ម៉ែត្រ អត់ពន្លត់ម៉ាស៊ីនឡើយ។ បន្ទាប់មក លោកចោរបានធ្វើជានិយាយពីនេះពីនោះ និងសួរថា «ស្ទូចត្រីបាន ឬទេ ?» លុះពេលពេលអាជីវករជាប្ដីជាប់រវល់តែនិយាយទូរសព្ទភ្លេចខ្លួន លោកចោរស្ទាវ ក៏បានឆក់ខ្សែក បានសម្រេច បន្ទាប់មកបានជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចស្រះទឹក ស្ថិតនៅតាមផ្លូវបេតុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរងគ្រោះរូបនោះឈ្មោះ ម៉ៅ ធាន អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ បាត់បង់ខ្សែក ប្លាទីន១ខ្សែ តម្លៃ១,៥០០ដុល្លារ ហើយប្រពន្ធគាត់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ពួកគាត់មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជិះរថយន្ត១គ្រឿងម៉ាកតូយ៉ូតាឡង់គ្រីស័រ GXR-V6 ពណ៍ស ពាក់ស្លាកលេខកម្ពុជា PICH-007 ។
បុរសរងគ្រោះរូបនោះ បាននិយាយរៀបរាប់ថា នៅវេលារសៀលថ្ងៃកើតហេតុ ឆ្លៀតពេលទំនេរពីការងារលក់ដូរ គាត់បាននាំប្រពន្ធ និងកូន២នាក់ជិះរថយន្តដើរលេងលម្ហែកាយ ហើយបានទៅស្ទូចត្រីលេង នៅចំណុចកើតហេតុខាងលើនោះ។ ខណៈពេលកំពុងស្ទូចត្រី ក៏បានឃើញ
ជនសង្ស័យម្នាក់នោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២៥ ពណ៌ស ទៅឈប់នៅលើផ្លូវបេតុងចម្ងាយប្រមាណជិត១០ម៉ែត្រ ហើយអត់ពន្លត់ម៉ាស៊ីននោះទេ រួចក៏ចុះដើរសំដៅទៅរកពួកគាត់ ។
លោក ម៉ៅ ធាន បាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យបាននិយាយពីនេះពីនោះ រួចសួរពួកគាត់ថា «ស្ទូចត្រីបានអត់ ?» ស្របពេលនោះ មានគេខលមក គាត់ក៏បាននិយាយទូរសព្ទ ហើយខណៈពេលកំពុងនិយាយទូរសព្ទភ្លេចខ្លួន ស្រាប់តែជនសង្ស័យដើរទៅពីក្រោយគាត់ រួចឆក់យកខ្សែក ពីគាត់បានសម្រេច។ បន្ទាប់មកជននោះ បានរួចរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ភ្លាមៗនោះគាត់ក៏បាននាំប្រពន្ធនិងកូនៗឡើងរថយន្ត រួចបើកដេញតាមរហូតដល់មុខបុរីពិភពថ្មីផ្លូវជាតិលេខ៣ ប៉ុន្តែដេញអត់ទាន់ និងអត់ឃើញជនសង្ស័យឡើយ ។
អាជីវករ រងគ្រោះខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមថា បន្ទាប់មកគាត់ក៏បានក៏បត់រថយន្តត្រលប់ក្រោយក្នុងបំណងទៅផ្ទះវិញ លុះទៅដល់ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមិនអស់ចិត្ត ក៏បត់រថយន្តត្រលប់ក្រោយដើម្បីរកជនសង្ស័យបន្តទៀត។ ពេលទៅដល់ចំណុចកើតហេតុវិញ ក៏ស្រាប់តែឃើញជនសង្ស័យកំពុងរាវទឹកក្នុងថ្លុកជិតនោះ ដែលសង្ស័យរាវរកខ្សែក ដែលឆក់បានពីគាត់ហើយជ្រុះនៅក្នុងថ្លុកនោះ។ គ្រាន់តែឃើញគាត់បើកថយន្តទៅដល់ ស្រាប់តែជនសង្ស័យ បានរត់ឡើងម៉ូតូ ហើយគាត់ក៏បត់រថយន្តប្រុងបុក ប៉ុន្តែបត់អត់ទាន់ ទើបជនសង្ស័យខាងលើជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅកាន់ទីនោះ រួចទទួលពាក្យបណ្ដឹងជនរងគ្រោះខាងលើ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនចោរស្ទាវម្នាក់នោះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕







ចែករំលែកព័តមាននេះ