ទីក្រុងម៉ូស្គូ៖ រុស្ស៊ីថ្លែងថាការព្យាយាមដោះស្រាយបញ្ហាសន្តិសុខរបស់អ៊ុយក្រែនដោយគ្មានរុស្ស៊ីចូលរួមគឺប្រៀបបាននឹងការធ្វើដំណើរនៅលើផ្លូវដែលគ្មានទិសដៅពិតប្រាកដ។ នេះជាសញ្ញាព្រមានមួយសម្រាប់ក្រុមបស្ចិមប្រទេសដែលកំពុងតែប្រញឹកដៃក្នុងការរៀបចំយុទ្ធសាស្ត្រការពារអ៊ុយក្រែនក្រោយពេលចប់សង្គ្រាម។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកឡាវរ៉ូស (Lavrov) រិះគន់ថ្នាក់ដឹកនាំអឺរ៉ុបដែលជួបលោកត្រាំ និងលោកហ្សេឡិនស្គីនៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោកថ្លែងថារុស្ស៊ីចង់បានការធានាសន្តិសុខដែលគួរឱ្យជឿទុកចិត្តបាន។ លោកថាអាចយកម៉ូដែលតាមកិច្ចព្រមព្រៀងរវាងរុស្ស៊ី-អ៊ុយក្រែននៅអ៊ីស្តាន់ប៊ូលឆ្នាំ២០២២។
លោកថ្លែងបន្តទៀតថាយើងមិនឯកភាពព្រោះពួកគេលើកឡើងពីការធានាសន្តិសុខនៅអឺរ៉ុបទាំងមូលដោយគ្មានភាគីរុស្ស៊ីចូលរួម។ វិធីនេះមិនអាចទៅរួចទេ។ លោកហ៊ាននិយាយថានៅបស្ចិមប្រទេស ជាពិសេសនៅអាមេរិក ពួកគេយល់ច្បាស់ណាស់ថាការជជែកគ្នាដោយហ្មត់ចត់ទៅលើបញ្ហាសន្តិសុខដោយគ្មានរុស្ស៊ីចូលរួមគឺជាគំនិតស្រមើស្រមៃ (អចិន្តភាព)។ វាជាមាគ៌ាដែលមិនដឹងទៅណា (ផ្លូវទ័ល)។
អត្ថាធិប្បាយរបស់លោកឡាវរ៉ូសត្រង់ចំណុចនេះជាការរំលេចឱ្យឃើញថាទីក្រុងម៉ូស្គូទាមទារឱ្យក្រុមបស្ចិមប្រទេសទាញរុស្ស៊ីចូលទៅក្នុងកញ្ចប់ចរចាគ្នាបើចង់បានការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងអឺរ៉ុប។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ ពួកគេមិនព្រមធ្វើតាមសំណើរបស់រុស្ស៊ីទេ។ នៅសប្ដាហ៍នេះ រុស្ស៊ីបញ្ជាក់ថាខ្លួនមិនយល់ព្រមឱ្យដាក់ពង្រាយកងទ័ពណាតូនៅលើទឹកដីអ៊ុយក្រែនក្រោយពេលចប់សង្គ្រាមទេ។
លោកឡាវរ៉ូសថ្លែងថាសំណើដែលយកទៅជជែកគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅអ៊ីស្តាន់ប៊ូលឆ្នាំ២០២២នោះជាគំរូល្អបំផុត។ លោកថាបើអនុវត្តតាមសំណើនោះ អ៊ុយក្រែនត្រូវតែជាប្រទេសអព្យាក្រិត ហើយត្រូវបោះបង់ចោលគំនិតចង់ចូលអង្គការណាតូ។ យោងតាមសេចក្ដីព្រាងនោះ អ៊ុយក្រែននឹងទទួលបានការធានាសន្តិសុខពីប្រទេសមួយចំនួនរួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង៥នៅអង្គការសហប្រជាជាតិផងដែរ។ ក្រុមប្រទេសដែលចូលរួមធានាសន្តិសុខអ៊ុយក្រែននោះនឹងគោរព និងមើលការខុសត្រូវលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយជៀសវាងការគំរាមកំហែង ឬប្រើកម្លាំងទៅលើអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ