ខេត្តស្វាយរៀង៖ ឱកាសការងារជាង៤ពាន់កន្លែងដែលបានប្រាក់ចំណូលខ្ពស់ រង់ចាំស្វាគមន៍ប្រជាពលរដ្ឋ និងជាពិសេសពលករខ្មែរមកពីថៃ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង។
យោងតាមរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
ក្នុងឱកាសនេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះមានចំនួន៩ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៤,០២២កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់បងប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេស ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅក្នុងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀងមិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ ដែលទទួលរងនូវការម៉ាក់ងាយពីថៅកែថៃនិងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ៕
ចែករំលែកព័តមាននេះ