រាជធានីភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ជាអ្នកនាំពាក្ក្រសួងការពារជាតិបានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT) បានកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ចូលជាធរមាន។

ការបន្តចុះពិនិត្យដោយនេះបន្ទាប់ពី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ដែលបានចូលជាធរមាន ដោយបានឡើងទៅពិនិត្យនៅតំបន់ជុំវិញប្រាសាទព្រះវិហារតែម្តង ។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ខាងលើនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះមាន ការឯកភាពគា្នលើ១៣ចំណុចដែលសម្រេចបានកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡា ឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងពេលនេះកម្ពុជា សូមធ្វើការរំលឹកឡើងវិញចំពោះអ្នកពាក់ព័ន្ធនៅត្រង់ ចំណុចដែលភាគីទាំងពីរកម្ពុជា-ថៃ បានព្រមព្រៀងមិនធ្វើការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយណាមួយ ដើម្បីជាការបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន បង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាព ដោយកម្ពុជាគឺមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះគឺមិនបានជួយដល់ការបន្ធូរ បន្ថយភាពតាន តឹង និងបន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ តែថែមទាំងមិនបានបង្កើតនូវបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពបន្ថែម ទៀត៕

ចែករំលែកព័តមាននេះ