ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករខេត្តពោធិ៍សាត់ ត្រៀមដាំម្ទេសប្រមាណ៣០០ហិកតាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកែច្នៃនាំចេញ

11 ម៉ោង មុន

ខេត្តពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបដំណាំម្ទេសដំណាក់ត្រយឹង ​ត្រៀមដាំម្ទេសប្រមាណ៣០០ហិកតាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកែច្នៃនាំចេញ។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃ​​ក្រសួងអភិវឌ្ឍន៍…

ខេត្តពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបដំណាំម្ទេសដំណាក់ត្រយឹង ​ត្រៀមដាំម្ទេសប្រមាណ៣០០ហិកតាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកែច្នៃនាំចេញ។

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃ​​ក្រសួងអភិវឌ្ឍន៍ ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសហប្រធានក្រុមការងារត្រី-វិស័យ(កសិកម្ម-ទឹក-ជនបទ) បានអញ្ជើញចុះសិក្សា និងពិនិត្យសក្ដានុពល សហគមន៍កសិកម្មទំនើបដំណាំម្ទេសដំណាក់ត្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់​ ក្នុងគោលបំណង​សិក្សាឈ្វេងយល់ដឹងពីដំណើរការប្រតិបត្តិ សក្តានុពល តម្រូវការ និងបញ្ហាប្រឈមនានារបស់សហគមន៍ ដើម្បីក្រុមការងារដាក់បញ្ចូលជាគោលដៅនៃផែនការសម្រាប់ការអនុវត្តសកម្មភាពត្រីវិស័យ។

ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ជាតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ដែលកើតឡើងក្រោមគំនិតផ្ដូចផ្ដើម និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះគ្រួសារអតីតយុទ្ធជនកម្ពុជា។

ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍក្រុមការងារត្រី-វិស័យនឹងគាំទ្របន្ថែមហេដ្ឋារចនាសម្ធ័ន្ធដូចជា ផ្លូវ ប្រព័ន្ធស្រោចស្របព ធាតុចូលនិងបច្ចេកទេសពីព្រោះតំបន់នេះមានសក្តានុពលដំណាំចម្រុះ ពិសេសដំណាំម្ទេសសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការកែច្នៃនាំចេញ ហើយបាននិងកំពុងដំណើរការក្រោមការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការប្រតិបត្តិការសហគមន៍កសិកម្មទំនើប ដែលមានដីសម្រាប់ត្រៀមដាំម្ទេសជាសហគមន៍ប្រមាណ ៣០០ហិកតា ព្រមទាំងការដាំតាមលក្ខណៈគ្រួសារបន្ថែម មានសមាជិកចូលរួម ១៣៣គ្រួសារ។ ម៉្យាងទៀត ក្រសួងធនធានទឹក និងឧតុនិយម នឹងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកតាមទុយោ សម្រាប់ការប្រើប្រាស់ និងស្រោចស្រពដល់ភូមិ នៅដើមឆ្នាំ២០២៦ ខាងមុខ។

ក្រោយការជួបសំណេះសំណាល និងចូលរួមជាសាក្សីក្នុងការបោះឆ្នោតគាំទ្រក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបចំនួន ៥រូប រួចមក ក្រុមការងារបានចុះពិនិត្យទីតាំងផ្ទាល់ នៅទីតាំងសម្រាប់ការដាំម្ទេសជាសហគមន៍ ដែលកំពុងឈូសឆាយផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ