ទីក្រុងកាប៊ុល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅប្រទេសអាហ្វហ្កានីស្ថានភាគខាងលិចបណ្ដាលឱ្យស្លាប់មនុស្ស៧៩នាក់។ ទោះបីករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ប៉ុន្តែគេសន្និដ្ឋានជំហានដំបូងថាប្រហែលជាដោយសាររថយន្តបឺសនេះដាក់មនុស្សលើសចំណុះ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងឡានបឺស, ម៉ូតូមួយគ្រឿង និងរថយន្តធុនធំមួយគ្រឿង។ នេះបើតាមការបញ្ជាក់របស់លោកលោកអាំឌុបឡោះ មូតតាគី (Ahmdullah Muttaqi) ជាប្រធានមន្ទីរព័ត៌មានប្រចាំខេត្តហេរ៉ាតដែលកើតមានឧបទ្ទវហេតុនេះ។
រថយន្តបឺសមួយគ្រឿងនេះដឹកជនភៀសខ្លួនអាហ្វហ្កានីស្ថានដែលត្រូវបណ្ដេញចេញពីប្រទេសអ៊ីរ៉ង់។ ពួកគេជាផ្នែកមួយនៃជនភៀសខ្លួនរាប់សែននាក់ទៀតដែលត្រូវចាកចេញពីអ៊ីរ៉ង់។ ពួកគេជិះឡានបឺសចេញពីតំបន់ព្រំដែនសំដៅទៅរដ្ឋធានីកាប៊ុលក៏ជួបនឹងគ្រោះអកុសលនេះតែម្ដង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកអាប់ឌុល ម៉ាទីន កានី (Abdul Mateen Qaniee) ថ្លែងថាបន្ទាប់ពីកើតមានគ្រោះថ្នាក់នេះ រថយន្តបឺសក៏ចាប់ផ្ដើមឆេះតែម្ដង។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ ១៧នាក់ជាកុមារ។ ខេត្តហេរ៉ាតមានចម្ងាយផ្លូវធ្វើដំណើរប្រហែល៣០នាទីពីរដ្ឋធានីកាប៊ុល។
តាមរយៈវីឌីអូឃ្លីបដែលថតបានពីកន្លែងកើតហេតុ គេឃើញភ្លើងឆេះបញ្ចេញពន្លឺយ៉ាងចិញ្ចែញចិញ្ចាចហ៊ុមព័ទ្ធជុំវិញឡានបឺស និងឃើញរថយន្តអគ្គិភ័យព្យាយាមបាញ់ទឹកពន្លត់ភ្លើង។ នៅទីបំផុត ឡានបឺសនោះឆេះនៅសល់តែដែកបន្តិចបន្តួចប៉ុណ្ណោះ។ អាហ្វហ្កានីស្ថានឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយបន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ ម៉្យាងទៀត តៃកុងឡានមិនសូវគោរពច្បាប់ចរាចរណ៍។
អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោកហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីត (Zabihullah Mujahid) បានជំរុញឱ្យអាជ្ញាផ្នែកដឹកជញ្ជូនបញ្ជូនព័ត៌មានគ្រោះថ្នាក់ចរាចរណ៍នេះជាបន្ទាន់ទៅថ្នាក់លើ ហើយត្រូវផ្ដល់ដំណឹងភ្លាមៗបើរកឃើញថាភាគីណាខ្លះជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ ខេត្តហេរ៉ាតជាតំបន់ប្រសព្វរវាងព្រំដែនប្រទេសអាហ្វហ្កានីស្ថាន, ទួកមេនីស្ថាន និងអ៊ីរ៉ង់។ ជនភៀសខ្លួនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ដែលត្រូវគេបណ្ដេញចេញពីប្រទេសអ៊ីរ៉ង់បានទៅជ្រកកោននៅខេត្តនេះមួយសំណើសិនមុននឹងបន្តដំណើរចូលមាតុភូមិវិញ៕
ចែករំលែកព័តមាននេះ