រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៥ បានប្រកាសព័ត៌មាន ស្តីពីជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានចោទប្រកាន់ពាក់ពន្ធនឹងករណីដឹកជញ្ជូនដោយខុស ច្បាប់ នូវសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ប្រមាណ ២០.៤៥០ក្រាម (ជាង២០គីឡូក្រាម) ដែលបម្រុងលោតឆ័ត្រឆ្លងដែនតាមជើងយន្តហោះ ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៃប្រទេសចិន ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដកហូតបានវត្ថុតាងពីជនសង្ស័យឈ្មោះ WANG ZI XUN ភេទស្រី ជនជាតិចិនតៃវ៉ាន់ នូវសារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ២០.៤៥០ក្រាម ដែលជនសង្ស័យបានដាក់នៅក្នុងបាតស្បែកជើង និងរុំជាប់នឹងខ្លួនក្នុងគោលបំណងយកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៃប្រទេសចិន។
បន្ទប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ចំណែកឯបក្ខពួកដែលពាក់ពន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្តកិច្ចបាននឹងកំពុងស្រាជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ក្រោយពីបានពិនិត្យលើសំណុំរឿងនេះ និងផ្អែកលើលទ្ធផល នៃការស៊ើបង្កេត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួកពីបទ.ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បន្ទាប់ពីស្ថាប័នអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ