ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការកក្រើកភ្នំបូកគោ បង្ក្រាបក្រុមឧ.ក្រិដ្ឋ.​ជន​អនឡាញ

6 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​គណៈកម្មការ​ចំពោះ​កិច្ច ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​.(ONLINE SCAMS) ឬ​ជា​ពាក្យ​សាមញ្ញ​ថា អំពើ​ឆបោក​តាម​អន​ឡាញ គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពត…

ខេត្តកំពត ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​គណៈកម្មការ​ចំពោះ​កិច្ច ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​.(ONLINE SCAMS) ឬ​ជា​ពាក្យ​សាមញ្ញ​ថា អំពើ​ឆបោក​តាម​អន​ឡាញ គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពត កាលពីដើម​ខែសីហា ឆ្នាំ​២០២៥ កន្លង​មកនេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ មន្ត្រី​ជំនាញ និង​ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ និង​អនុវត្តន៍​នីតិវិធី លើ​បណ្តាញ​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទាក់ទង​នឹង​ករណី​ផ្សេង​ៗ​គ្នា​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ។

ប្រតិបត្តិការ​នេះ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ជា​មេខ្លោង សរុប​ចំនួន​១៤​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អន​ឡាញ និង​ឃាតកម្ម​ដែល​ជា​អំពើ​ឃោរឃៅ ដើម្បី​ឈាន​ទៅ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ព្រមទាំង​បាន​សង្គ្រោះ​ជនបរទេស​ជា​ជន​រង​គ្រោះ​ពី​ក្រុម​ឧក្រិដ្ឋជន​ទៀត​ផង ។

ប្រតិបត្តិការ​បង្ក្រាប​ចាប់ពី​ថ្ងៃ​ទី​០៨ ខែសីហា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ កន្លង​មក​គឺ ៖
ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) និង​ករណី​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម និង​អំពើ​ឃោរឃៅ នៅ​បូ​រី Villa Crown (​តំបន់​៣) និង​អគារ​(​តំបន់​៤) ចំណុច​លើ​ភ្នំ​បូកគោ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ចំនួន​២​ករណី ។

ក្នុង​នោះ​ករណី​ទី​១ កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ផ្ទះ​វីឡា​កើតហេតុ ហើយ​បាន​រក​ឃើញ និង​ដកហូត​សម្ភារៈ​បម្រើ​ឱ្យ​ការ​ឆបោក (Online Scam) ជា​ច្រើន​រួម​មាន ទូរ​ស័​ព​ដៃ​៣០១​គ្រឿង កុំព្យូទ័រ​Desktop៣៩​គ្រឿង Pad១​គ្រឿង និង​Tablet១៤​គ្រឿង ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ និង​កំពុង​បន្ត​នីតិវិធី​ស្វែង​ចាប់ខ្លួន​មេខ្លោង​នៅ​ពីក្រោយ​រឿង​នេះ ។

ករណី​ទី​២ នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ អធិការដ្ឋាន​នគរបាល​ក្រុង​បូកគោ បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​មនុស្ស​ស្លាប់​ក្នុង​រថយន្ត ពេល​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បានឃើញ​ជន​រង​គ្រោះ​ឈ្មោះ SONG JINXIN ភេទ​ប្រុស កើត​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៩២ ជនជាតិ​ចិន ដេក​ស្លាប់​ក្នុង​រថយន្ត ។ តាម​រយៈ​តម្រុយ​នេះ សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ទីតាំង​កើតហេតុ ដែល​ជា​អគារ​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ឆបោក​(Online Scam) ជនសង្ស័យ​៤​នាក់​បាន​សារភាព​ថា​ខ្លួន​ពិតជា​មេខ្លោង​ក្នុង​ទារុណកម្ម​នេះ​ពិតប្រាកដ​មែន ។

ក្នុង​ប្រតិបត្តិការ​នេះ បាន​រក​ឃើញ​ទូរស័ព្ទ​ដៃ​ចំនួន​៣៥​គ្រឿង ដែល​បម្រើ​ឱ្យ​ការ​ឆបោក​តាម​បច្ចេកវិទ្យា​(Online Scam) ។ សម្ភារៈ​ទាំងនេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ហើយ​អគារ​នោះ ត្រូវ​បាន​ប្លុ​ម​បេ​ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បញ្ជូន​ទៅ​តុលាការ និង​បន្ត​នីតិវិធី​ស្វែង​ចាប់ខ្លួន​មេខ្លោង​ដែល​នៅ​ពីក្រោយ​រឿង​នេះ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េ​ជាង​១០​នាក់ ឱ្យ​រួច​ផុត​ចេញពី​មណ្ឌល​ឆបោក​នេះ​ផង​ដែរ ។

ដោយឡែក​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ លោក ឈុ​ន ច័ន្ទ​សីហា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៥ បាន​ចេញ​ដីកា​ចំនួន​៥​ផ្សេង​ៗ​គ្នា ដោយ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនបរទេស​ចំនួន​៥​រូប ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ និង​សង្ស័យ​បទល្មើស​ឆបោក​អន​ឡាញ គឺ​ជន​ត្រូវ​ចោទ​មាន ៖

១-​ឈ្មោះ AYE AYE ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជនជាតិ​ភូមា មុខរបរ​ជា​សន្តិសុខ​អន​ឡាញ ។
២-​ឈ្មោះ WEI HUAN MO ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ជនជាតិ​ចិន ជា​មេក្រុម​បុគ្គលិក​អន​ឡាញ ។
៣-​ឈ្មោះ ZHAO YANG LONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៧ ជនជាតិ​ចិន ជា​ម្ចាស់​ហាង​ម៉ា​ហ្សា ។
៤-​ឈ្មោះ LIU LONG FU ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​អន​ឡាញ ។
និង​៥-​ឈ្មោះ MIE SAN JLANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩២ ជនជាតិ​ចិន ។
ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​ខាងលើ​នេះ ស្នាក់​នៅ​លើ​ភ្នំ​បូកគោ ស្ថិត​នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ។

ក្រៅពី​នេះ ប្រតិបត្តិការ​បង្ក្រាប​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​របស់​លោក ប៊ុ​ង ហ៊ុយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត បាន​ដាក់​ជនសង្ស័យ​ចំនួន​៥​នាក់​ផ្សេង​ទៀត ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ។
១-​ឈ្មោះ RONG GEN YU ហៅ​ឡៅ​ជាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ។
២-​ឈ្មោះ HUANG GUANG CHENG ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ។
៣-​ឈ្មោះ SHU CHAO YUE ហៅ​ជី​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ។
៤-​ឈ្មោះ ZOU DE HUA ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ។

និង​៥-​ឈ្មោះ អៀង វិបុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ពី​បទ​ដឹក​ជញ្ជូន​ដោយ​មាន​គោលដៅ លក់​-​ជួញដូរ​មនុស្ស ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច ស្ថិត​នៅ​ភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ ។

ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ រាល់​ករណី និង​ទីតាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង ស្នងការ​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពត អនុវត្ត​នីតិវិធី ដោយ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​យាមកាម​តឹងរ៉ឹង និង​បញ្ឈប់​សកម្ម​ល្មើស ពាក់ព័ន្ធ​នឹង​ករណី​ទាំងអស់​បាន​ទាំងស្រុង ។

គួរ​រម្លឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ដាក់​ចេញ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មានការ​ចូលរួម​សកម្មភាព​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

សូម​បញ្ជាក់​ថា ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ។

តាម​រយៈ​បណ្ដាញ​សង្គម បាន​បង្ហោះ​ជា​ហូរហែ​ពី​ការ​ប្រែប្រួល​ទិដ្ឋភាព​នានា​នៅ​លើ​ភ្នំ​បូកគោ ដូច​ជា​អគារ ផ្ទះល្វែង​លើ​ផ្លូវ​ចូល​ទៅ​វត្ត​សំពៅ​៥ បាន​ក្លាយទៅជា​ទីក្រុង​ប្រទេស​ចិន​ទៅ​ហើយ និង​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ