ខេត្តកណ្តាល ៖ គ្រាន់តែរឿងចិញ្ចឹមមាន់ហើយងាប់ បង្កឲ្យមានគំនុំគុំគួនគ្នា រហូតក្លាយជាទំនាស់វាយបំបែកកញ្ចក់រថយន្តមួយគ្រឿង ហើយពេលនេះជនសង្ស័យ ត្រូវបានចាប់ខ្លួនអនុវត្តតាមនីតិវិធីច្បាប់ ។
យោងតាមបណ្តាញសង្គមរបស់អធិការដ្ឋាននគរបាលស្រុកស្អាង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំបិល បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា (វាយបំបែកកញ្ចក់រថយន្ត) ។
ហេតុការណ៍កើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ តាន់ ដារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ សេង វុទ្ធា ហៅ អាចិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ គ្មានសារធាតុញៀនក្នុងទឹកនោម (អវិជ្ជមាន) ។
ប្រភពបានឲ្យដឹងថា វត្ថុតាងចាប់យក ៖ (គ្មាន) សម្ភារៈខូចខាត គឺបណ្ដាលឲ្យបែកកញ្ចក់រថយន្ត (LEXUS RX400H) ផ្នែកខាងក្រោយចំនួន ០២ កន្លែង ។
តាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពនៃរឿងគឺជនសង្ស័យ និងជនរងគ្រោះជាអ្នកជិតខាងគ្នា ហើយជនសង្ស័យ តែងតែស្រែកឡូឡារករឿងជនរងគ្រោះ ជាញឹកញាប់។ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានស្រែកឡូឡា ខឹង និងមានគំនុំគុំគួនជាមួយជនរងគ្រោះពីររឿង ដែលជនសង្ស័យបានចិញ្ចឹមមាន់ឲ្យវាងាប់។ បន្ទាប់មកជនរងគ្រោះ បានខឹងនឹងជនសង្ស័យ បានទារលុយថ្លៃមាន់វិញ ទើបជនសង្ស័យបានខឹង នឹងជនរងគ្រោះ បានយកដុំថ្មគប់ដំបូលផ្ទះរបស់ជនរងគ្រោះចំនួនពីរដុំ ហើយបានចូលទៅក្នុងផ្ទះជនរងគ្រោះ យកដែកទីបប្រភេទជ្រុងវាយទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងក្រោយ បណ្តាលឲ្យបែកចំនួន ០២កន្លែង។ ពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានយកដុំថ្ម និងដែកទីបប្រភេទជ្រុងនោះយកទៅបោះចោលក្នុងទឹកព្រែកបាត់ ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ