ខេត្តព្រះវិហារ ៖ កងទ័ពកម្ពុជាដែលឈរជើងនៅតំបន់អានសេះ បានធ្វើការរារាំងកងទ័ពសៀម នៅព្រឹកថ្ងៃទី១៩ សីហា ២០២៥ ដែលប៉ុនប៉ងនាំអ្នកអង្កេតការណ៍អាស៊ាន៨ប្រទេស ចំនួន១៥នាក់ ដឹកនាំដោយមន្ត្រីម៉ាឡេស៊ី ចុះពិនិត្យអង្កេតកាណ៍នៅលើទឹកដីកម្ពុជា ដោយមិនមានការផ្តល់ព័ត៌មានមកខាងកម្ពុជាឱ្យបានដឹងមុនឡើយ ។

តាមសម្ដីវីរកងទ័ពកម្ពុជាបាននិយាយជាភាសាថៃទៅកាន់ទាហានសៀម ព្រោះមិនបានជូនដំណឹងមកខាងយើងទេ ខុសពីខាងកម្ពុជាមុនពេលនាំអ្នកអង្កេតកាណ៍មកពិនិត្យ តែងជូនដំណឹងត្រឹមត្រូវ ។ វីរកងទ័ពកម្ពុជាមួយរូប គឺលោកព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលលោកបានចេះនិយាយភាសាថៃយ៉ាងស្ទាត់មាត់ផងដែរ ហើយការនិយាយយ៉ាងក្លាហាន និយាយមានសុជីវធម៌ ពាក់អាវក្រោះ និងមួកការពារ ក្នុងហ្វូងចចក ដោយនិយាយថា ទីនេះទឹកដីខ្ញុំ ផ្ទះប្រជាជនខ្ញុំជាច្រើនមករស់នៅទីនេះយូរហើយ ។

លោកបានបន្តថា មើលជាក់ស្ដែងចុះ ហេតុអ្វីអ្នកនាំគ្នាចូលមក មិនជូនដំណឹងដល់ខាងខ្ញុំ ខាងខ្ញុំធ្វើអ្វីតែងជូនដំណឹងដល់អ្នក ព្រោះគោរព មិនចង់មានបញ្ហា ។ ចំណែក ខាងទាហានសៀមវិញ បែរជាចោទទាហានខ្មែរយើងថា «ច្រងេងច្រងាង គ្មានចរិតចាស់ទុំ រញ៉េរញ៉ៃ អាងប្រើកម្លាំង គ្មានហេតុ ផល ខណៈភាគីថៃបានដឹកនាំអនុពន្ធយោធា ៨ប្រទេសមកមើលស្ថានភាពជាក់ស្តែងប៉ុណ្ណោះ» តែឥរិយាបថពួកគេគឺបានដើរបុកឆ្វេងស្តាំរុញច្រានឱ្យលោកព្រិន្ទបាលឯកថយក្រោយ ។
អ្វីដែលគួរឱ្យខឹងសម្បាផងដែរនោះគឺ ទាហានសៀមខ្លះអះអាងថា ច្រកអានសេះ ជាទឹកដីរបស់ខ្លួន ធ្វើឱ្យទាហានខ្មែរយើងកើតទុក្ខមិនសុខចិត្តចំពោះសម្តីរបស់ទាហានសៀម ដែលអះអាងថា ច្រកអានសេះជាទឹកដីរបស់សៀម ។

ភាគីសៀមបានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខនៅអានសេះដែលពួកគេប្រើពាក្យហៅថា(ចុងអានម៉ា) ដោយមានឧត្តមសេនីយឯក Samsul Rizal bin Musa អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃ បានដឹកនាំគណៈប្រតិភូ ។ ក្រុមទាហានសៀមបានប្រាប់ពួកអ្នកសង្កេត ការណ៍ថា កងកម្លាំងកម្ពុជាបានឡោមព័ទ្ធ និងកាត់លួសបន្លា ដែលរំលោភលើកិច្ចព្រម ព្រៀងឈប់បាញ់ និងប៉ះពាល់ដល់ទំនុកចិត្តរវាងប្រទេសទាំងពីរ តែការពិតទាហានឈុតខ្មៅជាអ្នកមករាយលួសបន្លានេះ ។
ក្នុងដំណើរទស្សនកិច្ចនោះ កងទ័ពកម្ពុជាបានបង្ហាញការមិនពេញចិត្ត ដោយបានហាមឃាត់ និងបដិសេធមិនអនុញ្ញាតឲ្យភាគីសៀមនាំអ្នកអង្កេតការណ៍ចូលមកតំបន់អានសេះរបស់កម្ពុជា ។ ទោះបីជាយ៉ាងណា អ្នកសង្កេតការណ៍ចូលទៅមើលគំនរបែកបាក់នៃវិមានតាអ៊ុំ ។ ការរារាំងរបស់កងទ័ពកម្ពុជា គឺចង់បង្ហាញថាតំបន់នេះជាអធិបតេយ្យភាពរបស់កម្ពុជា ។ ទោះយ៉ាងណា ក្រុមអ្នកសង្កេតការណ៍នៅតែផ្តោតទៅលើការពិនិត្យតំបន់នោះ ។

ក្រុមអ្នកសង្កេតការណ៍បានចំណាយពេលប្រហែលមួយម៉ោងក្នុងការត្រួតពិនិត្យតំបន់នេះ ដោយកត់សម្គាល់ថា តំបន់ដែលនៅជុំវិញនោះរងការខូចខាតដោយសារការផ្ទុះ និងអគ្គិភ័យក្នុងជម្លោះមុននេះ ពិសេសវិមានតាអ៊ុំ នៅតែជាចំណុចសំខាន់នៃការត្រួតពិនិត្យរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ