រាជធានីភ្នំពេញ៖ កុមាររីកម្សត់ម្នាក់ កើតផ្តាសាយបក្សី H5N1 ធ្ងន់ធ្ងរ ទទួលបានការព្យាបាលសង្គ្រោះជីវិតឱ្យរស់រានឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយក្រុមគ្រួសារ។
យោងតាមមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថាកុមាររីម្នាក់នេះ អាយុ៥ឆ្នាំ ត្រូវបានយកមកពីខេត្តតាកែវ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី-H5N1 បានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថាភាពធ្ងន់ធ្ងរ។
កុមារី ត្រូវបានសង្រ្គោះជីវិត ដោយថែទាំព្យាបាលអស់រយ:ពេល១៥ថ្ងៃ។ ថ្ងៃនេះ កូនស្រី មានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយម្តាយ។ នេះជាការបញ្ជាក់របស់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះដែរ មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋកុំយកមាន់-ទាស្លាប់ មកទទួលទាន ព្រោះអាចបណ្តាលឲ្យឆ្លងវីរុស H5N1 (ផ្តាសាយបក្សី) និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ទន្ទឹមនឹងនេះត្រូវមេត្តាស្តាប់និងគោរពតាមនិយាមការពារនៃការចម្លងរោគ របស់ក្រសួងសុខាភិបាល ពេលមានមាន់-ទាងាប់៕
ចែករំលែកព័តមាននេះ