រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ជិះម៉ូតូជិះម៉ូតូមួយគ្រឿងទៅរកទិញមីឆាបាយឆាហូប ស្រាប់តែត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង តាមគំរាមដកដាវកាប់ប្លន់យកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែដឹងថា ម៉ូតូមួយគ្រឿងដែលជនសង្ស័យប្លន់យកទៅម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LF-5803 (ជាម៉ូតូដែលជនរងគ្រោះកំពុងបង់រំលោះ) ។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ចេញពីផ្លូវគោលបំណងទៅទិញមីឆាហូបនៅកន្លែងកើតហេតុ ខណៈពេលកម្មង់ទិញក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានហុងដាឌ្រីមមួយគ្រឿងនិងម៉ាកស៊ុយសុគីនិចមួយគ្រឿងមិនចាំស្លាកលេខ បានជិះមកធ្វើសកម្មភាពដកដាវគំរាមកាប់ពួកគាត់ជាម្ចាស់ម៉ូតូ ធ្វើអោយពួកគាត់ភ័យស្លន់ស្លោក៏បានរត់ចោលម៉ូតូ និងស្រែកថាចោរៗ អោយគេជួយ តែមិនមានអ្នកជួយឡើយ ធ្វើឲ្យជនសង្ស័យមានឱកាសយកម៉ូតូរបស់ពួកគាត់ជិះនាំគ្នីគ្នាគេចបាត់ស្រមោលអស់តែម្ដង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំជនរងគ្រោះរួចហើយក៍បានណែនាំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋក្រាំងពង្រ ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញារបស់ជនសង្ស័យផងដែរ ៕








ចែករំលែកព័តមាននេះ