ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ៖ កម្ពុជា​សូម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មូ​ស្លី​ម មក​ពី​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ពិភពលោក

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដី​ពី​ការ​ទទួល​បដិសណ្ឋារកិច្ច​ទេសចរណ៍​មូ​ស្លី​ម និង​ស្តង់ដា​មូ​ស្លី​ម​ហ្វ្រែ​ន​លី​កម្ពុជា ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដី​ពី​ការ​ទទួល​បដិសណ្ឋារកិច្ច​ទេសចរណ៍​មូ​ស្លី​ម និង​ស្តង់ដា​មូ​ស្លី​ម​ហ្វ្រែ​ន​លី​កម្ពុជា ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ចែករំលែក​ចំណេះដឹង និង​បញ្ជ្រាប​ការ​យល់​ដឹង ដល់​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ អំពី​ការ​ត្រៀមខ្លួន និង​រៀបចំ​គោលដៅ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច​ទេសចរ​មូ​ស្លី​ម សំដៅ​ជំរុញ​កំណើន​ទេសចរណ៍​មូ​ស្លី​ម ដែល​ជា​តម្លៃបន្ថែម​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍ ស្រប​តាម​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មូ​ស្លី​ម​(២០២៣-២០២៧) ​។

ក្នុង​ពិធី​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​, ឯកឧត្តម អ៊ុ​ម​រ៉​ន ហា​ស្សាន់ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​, លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន​, តំណាង​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត​, តំណាង​សមាគម​ទេសចរណ៍​, វិស័យ​ឯកជន​, តំណាង​ពី​គណៈ​អ៊ី​មាំ រាជធានី​ភ្នំពេញ ព្រមទាំង​លោក លោកស្រី សិក្ខាកាម​ទាំងអស់​សរុប​ចំនួន ២៣៨​នាក់​ ។

ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា បើ​យោង​តាម​របាយការណ៍​របស់ Global Muslim Travel Index បាន​បង្ហាញ​ថា​ចំនួន​ទេសចរ​មូ​ស្លី​ម បាន​ធ្វើ​ដំណើរ​ទូ​ទាំង​សកលលោក​មាន​ប្រមាណ ១៧៦​លាន​នាក់ នៅ​ឆ្នាំ​២០២៤ កើនឡើង ២៥% ធៀប​នឹង​ឆ្នាំ​២០២៣ និង​កើនឡើង​១០% បើ​ធៀប​នឹង​មុន​ពេល​កូ​វី​ដ​-១៩ ព្រមទាំង​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ប្រមាណ ១៨៦​លាន​នាក់ នៅ​ឆ្នាំ​២០២៥​។ កត្តា​ទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កាលានុវត្តភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា​ក្នុង​ការ​ច្បាម​យក​ឱកាស និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍ ដើម្បី​ពង្រឹង និង​ពង្រីក​សក្ដានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​រីក​ចម្រើន​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង​ភាព​ធន់ តាម​រយៈ​ការ​ចាប់​យក​ទីផ្សារ​ទេសចរណ៍​មូ​ស្លី​ម មក​បំពេញបន្ថែម​ទីផ្សារ​អន្តរជាតិ​ដែល​មាន​ស្រាប់​ ។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​ការ​ដាក់​ចេញ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មូ​ស្លី​ម (២០២៣-២០២៧) ដែល​ជា​ត្រីវិស័យ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍ ស្តង់ដា​មូ​ស្លី​ម​ហ្វ្រែ​ន​លី គឺជា​យន្ត​តូប​ករ​ណ៍​មួយ​ដ៏​សំខាន់​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​គោលដៅ​ទេសចរណ៍​មូ​ស្លី​ម មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មូ​ស្លី​ម និង​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ជូន​ទេសចរ​មូ​ស្លី​ម ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូស​រំលេច​នូវ​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​ចំពោះ​ក្រុមការងារ​ទេសចរណ៍​មូ​ស្លី​ម ដោយ​ឱ្យ​ព​ន្លឿ​ន​ការ​រៀបចំ​សៀវភៅ​មូ​ស្លី​ម​ហ្វ្រែ​ន​លី​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការងារ​បដិសណ្ឋារកិច្ច​ទេសចរ​មូ​ស្លី​ម ពិសេស​បន្ត​និង​ពង្រឹង​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​បន្តបន្ទាប់ ជំរុញ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទទួល​បានការ​យល់​ដឹង​បន្ថែម​ទៀត អំពី​ការ​ទទួល​បដិសណ្ឋារកិច្ច​ទេសចរ​មូ​ស្លី​ម​និង​ស្តង់ដា​មូ​ស្លី​ម​ហ្វ្រែ​ន​លី​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​សូម​បន្ត​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួន​ឱ្យ​មានគុណ​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ជាមួយ​ការ​រក្សា​បាន​នូវ​ថ្លៃ​សមរម្យ និង​ពិនិត្យ​លទ្ធភាព​បញ្ចូល​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ទេសចរណ៍​មូ​ស្លី​ម ដែល​ជា​តម្លៃបន្ថែម​នៃ​ការ​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ