ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ដុ.ត​ចោល​​សាច់​បង្កក​ស្អុយ ​​សៀ.ម​​លួច​នាំ​ចូល​តាម​ឡាវ​

9 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ យ៉ាង​ហោច​ណាស់​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ សរុប​ជាង​៥​តោន ដែល​នាំ​ពី​សៀម ចូល​មក​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ តាម​ច្រកព្រំដែន​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ យ៉ាង​ហោច​ណាស់​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ សរុប​ជាង​៥​តោន ដែល​នាំ​ពី​សៀម ចូល​មក​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ តាម​ច្រកព្រំដែន​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​សម្រេច​ចាប់​ដុត​កម្ទេច​ចោល នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ។

ក្រុមការងារ​ចម្រុះ​ដែល​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​ទាំង​៤​គ្រឿង​រួម​មាន​៖ ម​ន្រី្ដ​គយ និង​រដ្ឋាករ​ខេត្តកំពង់ធំ​-​ព្រះ​វិហារ លោក ជាប សៅ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ធំ លោក ឃិ​ត សុធា​រ៉ា អភិបាលស្រុក​ឆែប លោក លឹ​ម សា​លួត មន្ដ្រី​ការិយាល័យ​ផលិតផល និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្រោម​ការ​ដឹកនាំ​សម្រប​សម្រួល​នីតិវិធី​ពី​លោក ស្រេង វុ​ទ្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ ។

ការ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​រថយន្ត​ទាំង​៤​គ្រឿង​នា​ពេល​នេះ ឃើញ​មាន​ទំនិញ​ខូចគុណភាព​មិន​អាច​ប្រើប្រាស់​បាន (​ធុំក្លិន​ស្អុយ​) ដែល​នាំ​ចូល​តាម​ច្រក​កំពង់​ស្រឡៅ ។
១-​កោះមាន់​ចំនួន​២០៥​កេស ស្មើនឹង​២៤៦០​គីឡូក្រាម ។
២-​ស្លាបមាន់​ចំនួន​៤៥​កេស ស្មើនឹង​៥៤០​គីឡូក្រាម ។
៣-​ត្រី​កន្ធរ ចំនួន​១០០​ការុង ស្មើនឹង​២០០០​គីឡូក្រាម ។
៤-​នំ​ម្សៅ​បំពង​ចំនួន​១៤០​គីឡូក្រាម ។ ទំនិញ​ដែល​ត្រូវ​រឹបអូស ហើយ​ដុត​កម្ទេច​៤​មុខ​ខាងលើ​សរុប​ទម្ងន់ ៥០.១៤០​គីឡូក្រាម ។ ដោយឡែក​រថយន្ត​ល្មើស​ទាំង​៤​គ្រឿង​នេះ ត្រូវ​ផាកពិន័យ​តាម
​ច្បាប់ ។

សូម​បញ្ជាក់​ថា រថយន្ត​ដឹក​ទំនិញ​ទាំង​៤​គ្រឿង​នេះ ត្រូវ​បាន​លោក ឃិ​ត សុធា​រ៉ា អភិបាលស្រុក​ឆែប និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​ពី​លោក គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ធ្វើការ​ឃាត់​នៅ​ច្រកព្រំដែន​កំពង់​ស្រឡៅ នៅ​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ដោយ​សហការ​ជាមួយ​កម្លាំងយោធា និង​សាខា​គយ​រដ្ឋាករ​ខេត្ត និង​គយ​តំបន់​៥ ។

អាច​និយាយ​បាន​ថា​ជា​កាក​សំណល់​នៅ​ពេល​ដែល​ទំនិញ​ក្លា​ស្សេ​ហើយ​កកស្ទះ​ដោយ​មិន​អាច នាំ​យក​ទៅ​ណា​បាន ហើយ​សល់​រយៈ ពេល​យូរ​ធ្វើ​ឱ្យ​ទំនិញ​ទាំងនោះ​បាន​ខូចគុណភាព ធុំក្លិន​ស្អុយ​និង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

បច្ចុប្បន្ន​សៀម​មាន​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​ច្រកព្រំដែន​ត្រូវ​បាន​បិទ​ទាំងអស់ ឯ​ទំនិញ​ក៏​ត្រូវ​ចាល់​កកស្ទះ មិន​អាច​នាំ​ចេញ​មក​កម្ពុជា​បាន​ឡើយ ។ បើជា​ទំនិញ​វេច​ខ្ចប់​រយៈពេល​យូរ​អាច​ប្រើ​ប្រាស់​បានជា​ធម្មតា​អាស្រ័យ​ទៅ​លើ​កាលបរិច្ឆេទ​លើ​មុខទំនិញ​នីមួយ​ៗ ប៉ុន្តែ​បើជា​ទំនិញ​បង្កក មិន​អាច​រក្សា​ទុក​បាន​យូរ​នោះ​ទេ ។

មន្ត្រី​ជំនាញ​ថា ទំនិញ​បង្កក​ត្រូវការ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង តែបើ​សិន​បាត់បង់​ភាព​ត្រជាក់​ច្រើន​ម៉ោង​វា​នឹង​ចាប់ផ្តើម​ធុំក្លិន​ស្អុយ មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ ដូច្នេះ​អាច និយាយ​បាន​ថា​ក្លាយជា​កាក​សំណល់ ។

ទាក់ទិន​ករណី​ទំនិញ​ខូចគុណភាព​ដែល​ត្រូវ​បាន​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ប្រទេស​ឡាវ​ហូរ​ចូល​មក​កម្ពុជា​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ឆែប​ខេត្តព្រះវិហារ ។យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ​ខាងលើ​ថា រថយន្ត​ល្មើស​ទាំង​៤​គ្រឿង​នោះ​ត្រូវ​ផាក​ពិន័យ​តាម​ច្បាប់​គយ និង​ដោះ​លែង ។ ចំណែក​ឈ្មួញ​មិន​ត្រូវ​បាន​ចាត់វិធានការ ឬ​ឃាត់ខ្លួន​នោះ​ឡើយ ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប ការ​ក្លែងបន្លំ ហៅ​កាត់​ថា «​ក​.​ប​.​ប​» បាន​ដើរតួ​យ៉ាង​សំខាន់​លើ​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​រុករក​សារធាតុ​ផ្សំ​នៅ​ក្នុង​ចំណីអាហារ​និង​ទំនិញ​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

សុខភាព​ប្រជាពលរដ្ឋ​ក៏​បាន​ពឹងផ្អែក​ទៅ​លើ​អង្គភាព ក​.​ប​.​ប ក្នុង​ការ​ត្រួតពិនិត្យ​និង​ចាត់វិធានការ ចំពោះ​ផលិតផល​និង​ទំនិញ​ទាំងឡាយ​ណា​ដែល​បង្ការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ដោយ​ប្រាកដ​ថា​មិន​បាន​រួមចំណែក​ឃុបឃិត​អំពើ​ល្មើស​ជាមួយ​ក្រុម​ឈ្មួញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ