រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ប្រសិនក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់កម្ពុជាជាអ្នកទទួល ផល ព្រោះសត្រូវរបស់កម្ពុជា ចង់វាយខាងសេដ្ឋកិច្ចកម្ពុជា តាំងពីដំបូង។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រជាពលរដ្ឋខ្មែរផ្ទុះការខឹងសម្បារហើយពហិការកូកាកូឡា ព្រោះក្រុមហ៊ុនផ្តាច់កុងត្រាផ្សព្វផ្សាយជាមួយវណ្ណដា។
តាមរយៈសារខំមិនឆ្លើយតបជាមួយប្រជាពលរដ្ឋ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដា ដោយសារ វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថាទោះជា កូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល» ។
សម្ដេចបន្ដថា ការបង់ពន្ធ ក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចថា «ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ច យើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់ និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត»។
សសម្ដេចតេជោបន្ថែមថា «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ»។
ជាមួយគ្នានោះដែរសម្ដេចបានគូសបញ្ជាក់ ថា៖ «សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុកសង្ឃឹមថា វណ្ណដា និងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដា តំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ» ៕
ចែករំលែកព័តមាននេះ