ខេត្តឧត្តរមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាមុននេះបន្តិចថា ៖ វត្តតាមាន់សែនជ័យ ត្រូវបានកម្ទេច ដោយការទម្លាក់គ្រាប់បែកប្រភេទ MK82 ដោយយន្តហោះ F-16 របស់ថៃ ។ ពីទីសក្ការៈបូជាដែលល្អស្អាតមកជាគំនរផេះផង់ ។

សូមរំលឹកថា ៖ ក្នុងការប្រយុទ្ធឈ្លានពានទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពសៀមបានធ្វើការវា.យប្រហារលើជនស៊ីវិល ជាពិសេសបានព្យាយាមវាយប្រហារកម្ទេចវត្តប្រាសាទតាមាន់សែនជ័យ ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនៅក្បែរតំបន់ប្រាសាទតាមាន់ថែមទៀត ។

លោកមានសង្ឃដីកាឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលក្រុមអនុព័ន្ធយោធាបរទេសចំនួន៩ប្រទេស សរុបមានចំនួន១៤នាក់ ដែលបានចុះពិនិត្យទីតាំងរងគ្រោះ ដោយការវាយប្រហារពីសំណាក់កងទ័ពថៃ ព្រះអង្គឡាយ លន ព្រះគ្រូសង្ឃសូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យ បានមានសង្ឃដីកាថា កងទ័ពថៃបានប៉ុនប៉ងកម្ទេចវត្តអារ៉ាមមួយនេះចោល ដោយក្នុងនេះប្រើនូវយុទ្ធសាស្ត្រវាយទាំងតាមយន្តហោះ F-16 និងកាំភ្លើងធំផ្លោងកម្ទេចទាំងព្រះវិហារ កុដិលោក សាលាឆាន់ រោងបាយ ត្រូវបានធ្លុះធ្លាយអស់គ្មានសល់ ។

ព្រះអង្គលើកឡើងថា ការវាយប្រហារយ៉ាងខ្លាំងក្លានេះបានធ្វើឱ្យហេរដ្ឋារចនាសម្ព័ន្ធវត្តទាំងមូលទទួលរងខូចខាតទាំងស្រុង ។ ព្រះអង្គមានសង្ឃដីកាបន្ដថា យន្តហោះ F-16 របស់កងទ័ពថៃបានមកវាយប្រហារពីរលើកដោយមួយលើកៗវាយប្រហារ២គ្រាប់ និងក្រៅពីនេះបានវាយប្រហារដោយគ្រប់ផ្លោងជញ្ជ្រុំគ្រប់ទីតាំងវត្តក្នុងបំណងកម្ទេចគ្រប់កន្លែងក្នុងវត្ត ៕



ចែករំលែកព័តមាននេះ